កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ឺ តារា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមសិក្ខាសាលា “The 1st Regional Consultative Workshop on Review the Strategic Work Plan for Culture and Arts 2016-2025 and the Development of a New Work Plan“ នៅអគ្គលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។
សិក្ខាសាលាបានពិនិត្យមើលលើការរកឃើញជាគន្លឹះសំខាន់ៗមួយចំនួន អំឡុងពេលនៃការអនុវត្តរយៈពេល១០ឆ្នាំ (២០១៦-២០២៥) នៃផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់ផ្នែកវប្បធម៌ និង សិល្បៈ និងជាវេទិកានៃកិច្ចពិគ្រោះពិភាក្សាលេីផែនការយុទ្ធសាស្ត្រថ្មីសម្រាប់អាណត្តិ ២០២៦- ២០៣៥។
សិក្ខាសាលានេះនឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមក្នុងការរៀបចំសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ផ្នែកវប្បធម៌ និងសិល្បៈនៃតំបន់អាស៊ាន រយៈពេល១០ឆ្នាំបន្ទាប់ (២០២៦ – ២០៣៥)៕



