ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា អ្នកគាំទ្របោះឆ្នោតជ្រើសរើសលោក ដូណាល់ ត្រាំ ឱ្យធ្វើជាប្រធានាធិបតី មិនមែនធ្វើជាស្ដេចនៃពិភពលោកនោះទេ។

លោក បានលើកឡើងថា យើងចង់រំលឹងលោក ត្រាំ កុំភ្លេចថាលោក ជាប្រធានាធិបតីអាមេរិកនោះទេ មិនមែនជាអធិរាជនៃពិភពលោក នោះទេ។
មេដឹកនាំប្រេស៊ីលរូបនេះ បានបន្ថែមថា ប្រធានាធិបតីអាមេរិក កំពុងបំផ្លាញទំនាក់ទំនងទ្វេភាគីដែលមានរយៈពេល ២០០ ឆ្នាំមកហើយ តាមរយៈការប្រកាសពន្ធ ៥០ ភាគរយលើទំនិញប្រេស៊ីល ដែលចាប់ពីថ្ងៃទី ១ ខែសីហា។
លោក Lula da Silva បានកត់សម្គាល់ថា ជម្រើសល្អក្នុងពេលនេះគឺការបង្កើតការចរចាជាមុន ហើយបន្ទាប់មកដើម្បីឈានដល់កិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។
ប្រធានាធិបតីប្រេស៊ីល ធ្លាប់ព្រមានថា ប្រទេសនេះនឹងឆ្លើយតប ប្រសិនបើសេតវិមាន មិនបដិសេធការសម្រេចចិត្តរបស់ខ្លួនលើពន្ធគយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានប្រកាសយកពន្ធពីប្រទេសមួយចំនួនធំនៅលើពិភពលោក ក្នុងនោះរួមមានប្រេស៊ីលផងដែរ ពោលគឺ ៥០ ភាគរយ៕

ដោយ៖ ពេជ្រ