បទវិភាគ៖ការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីនឹងជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិករហូតដល់ទូទាំងពិភពលោក

ក្នុងឱកាសដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលីឈានចូលទសវត្សរ៍ទីពីរ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែកក្កដាដែលទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីប្រព័ន្ធសារព័ត៌មានអន្តរជាតិ។

លោក Li Haidong សាស្ត្រាចារ្យនៃវិទ្យាស្ថានការទូតចិនបានថ្លែងថា ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Anthony Albaneseលើកនេះបានបង្ហាញពីវិចារណញ្ញាណនិងភាពប្រាកដប្រជានៃការយល់ដឹងចំពោះប្រទេសចិនរបស់ភាគីអូស្ត្រាលី ក្នុងបរិបទនៃការកែសម្រួលយ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មទូទាំងពិភពលោក រដ្ឋាភិបាលអូស្ត្រាលីរៀបចំគោលនយោបាយចំពោះប្រទេសចិនដោយឈរលើមុំនៃផលប្រយោជន៍ជាតិ វាបង្ហាញជាទូទៅនូវភាពម្ចាស់ការខាងការទូត ហើយក៏បានបំផុសគំនិតរបស់ប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីដោះស្រាយទំនាក់ទំនងជាមួយប្រទេសចិនដែរ ។

បច្ចុប្បន្ននេះ ចិននិងអូស្ត្រាលីសុទ្ធតែប្រឈមមុខនឹងកម្លាំងសម្ពាធនៃសង្គ្រាមពន្ធគយពីខាងក្រៅ ហើយក៏មានភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចថ្មីរៀងៗខ្លួនដែរ ។ ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតគឺសមស្របនឹងផលប្រយោជន៍រៀងៗខ្លួន ហើយក៏នឹងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។ អ៊ីចឹង ក្នុងស្ថានការណ៍ថ្មី តើនឹងជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលីឱ្យអភិវឌ្ឍន៍ទៅរកភាពល្អប្រសើរថែមមួយកម្រិតទៀតតាមរបៀបណា?

 ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងគ្នានិងគ្នាគឺជាញ្ហាស្នូល ។ ក្នុងកិច្ចសន្ទនាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរប្រកាន់ខ្ជាប់ការយល់ដឹងគ្នាដ៏ត្រឹមត្រូវនិងពង្រឹងមូលដ្ឋាននៃកិច្ចកសាងទំនុកចិត្តគ្នាទៅវិញទៅមក ។ ទន្ទឹមនឹងនេះ ភាគីចិនគូសបញ្ជាក់ថា នឹងប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តស្តីពីការអភិវឌ្ឍដោយសន្តិភាពយ៉ាងមុតមាំមិនងាករេ ប្រកាន់ខ្ជាប់ទស្សនៈស្តីពីការអភិវឌ្ឍរួមយ៉ាងមុតមាំមិនងាករេ ក៏ដូចជាប្រកាន់ខ្ជាប់គោលនយោបាយស្តីពីការជំរុញការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកយ៉ាងមុតមាំមិនងាករេ ។ ភាគីអូស្ត្រាលីបង្ហាញថា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រ“កម្លាំងអបគមន៍”ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យទេ ហើយមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនាគ្រប់ស្រទាប់ជាន់ថ្នាក់ជាមួយភាគីចិន ។ នេះនឹងមានអំណោយផលដល់ការបន្តបង្កើនការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមករបស់ទ្វេភាគី ដើម្បីផ្តល់ការធានាដ៏ខ្លាំងក្លាសម្រាប់ឱ្យទំនាក់ទំនងទ្វេភាគីរីកចម្រើនទៅមុខនិងទៅរកភាពល្អប្រសើរថែមមួយកម្រិតទៀត ។

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាចំណុចសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់លោក Anthony Albanese លើកនេះ។ លោកបាននាំមកនូវគណៈប្រតិភូពាណិជ្ជកម្មដែលបង្កើតឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសអូស្ត្រាលី ព្រមទាំងបង្ហាញយ៉ាងច្បាស់លាស់ថា មិនដែលស្វែងរកការផ្តាច់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចប្រទេសចិនឡើយ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុត ទីផ្សារនាំចេញធំបំផុតនិងជាប្រភពនាំចូលធំបំផុតរបស់អូស្ត្រាលី ។ លើកនេះ ភាគីទាំងពីរចិននិងអូស្ត្រាលីបានស្វាគមន៍គូភាគីធ្វើការពិនិត្យពិភាក្សាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបញ្ជាក់ពីវិស័យដែលអាចកែលំអនិងត្រួសត្រាយថែមមួយកម្រិតទៀតជាដើម ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក Anthony Albanese នៅប្រទេសចិនលើកនេះ ភាគីទាំងពីរចិននិងអូស្ត្រាលីសុទ្ធតែគូសបញ្ជាក់ថា គួរគាំពារពហុភាគីនិយមនិងពាណិជ្ជកម្មសេរី រំលឹកឡើងវិញនូវសារសំខាន់នៃ《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និងអង្គការពាណិជ្ជកម្មពិភពលោក ឯកភាពគ្នាថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសG២០ និងអង្គការសហប្រតិបត្តិការខាងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម ។ នេះមានអត្ថន័យជាក់ស្តែងដ៏ខ្លាំងក្លាក្នុងស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន ដែលនឹងបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនសម្រាប់សហគមន៍អន្តរជាតិ ដើម្បីជំរុញរបៀបរៀបរយអន្តរជាតិឱ្យរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ៕

Written by 

Related posts

Leave a Comment