ហ្សឺណែវ៖ នៅឯកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែករំលែកអំពីបទពិសោធរបស់កម្ពុជាក្នុងការពង្រឹងនិងពង្រីកការតភ្ជាប់ឌីជីថលនិងអក្ខរកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងវេទិកាពិភាក្សារបស់ថ្នាក់ដឹកនាំ (Leaders TalkX) លើប្រធានបទ “ពន្លឿនការទទួលបានព័ត៌មាននិងពុទ្ធិជាសាកលក្នុងយុគសម័យឌីជីថល” ដែលមានការចូលរួមពីរដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល៦រូប ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែកអំពីបទពិសោធកំណែទម្រង់ក្នុងវិស័យទូរគមនាគមន៍និងការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា ជាពិសេសលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល ដែលជាកត្តាអាទិភាពក្នុងការបង្កើនលទ្ធភាពទទួលបានព័ត៌មាននិងពុទ្ធិក្នុងយុគសម័យឌីជីថល។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយបរិយាបន្ន ជាអាទិ៍តាមរយៈគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រប់ទិសទីចូលរួមក្នុងបេសកកម្មបរិវត្តកម្មឌីជីថលរបស់សង្គមជាតិ។

ក្នុងកិច្ចប្រជុំកំពូលនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលថ្នាក់រដ្ឋមន្ត្រី ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់តំណាងជាង៥០ប្រទេស ព្រមទាំងអគ្គលេខាធិការនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដើម្បីចែករំលែកអំពីវឌ្ឍនភាពសំខាន់ៗនៃបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ បន្ថែមលើការតភ្ជាប់ឌីជីថលនិងមូលធនមនុស្សឌីជីថល កម្ពុជាក៏បានជំហានទៅមុខលើផ្នែកបច្ចេកវិទ្យា ស្ដែងឡើងតាមរយៈជោគជ័យនៃថ្នាល verify.gov.kh ដែលជាថ្នាលប្រើបច្ចេកវិទ្យាឌីជីថលឈានមុខ មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ទាំងកម្រិតតំបន់និងអន្តរជាតិ។ លើសពីនេះ កម្ពុជាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។
គួររំលឹកផងដែរថា ប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មានឆ្នាំ២០២៥ (World Summit on the Information Society-WSIS +20 High-Level Event 2025) និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ ឆ្នាំ២០២៥ (AI for Good Global Summit 2025) ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស៕



