ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី អញ្ជើញចុះក្តាប់សភាពការណ៍ និងត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ និងចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងត្រួតពិនិត្យភូមិសាស្ត្រប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ឃុំ។

ក្នុងឱកាសចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗលោកឧត្តមសេនីយ៍ទោស្នងការ បានសាកសួរផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាការពារដែលរួមចំណែក ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្វែងយល់ពីភូមិសាស្រ្តគ្រប់គ្រងរបស់ប៉ុស្តិ៍នគរបាលទាំងអស់សំដៅពិនិត្យមើលលើបញ្ហាប្រឈមនានា និងវិធានការទប់ស្កាត់បទល្មើសដែលងាយបង្កឡើងពីក្រុមជនល្មើស បន្ថែមលើនេះលោកឧត្តមសេនីយ៍ទោស្នងការបានផ្តល់ប្រសាសន៍ដឹកនាំផ្តាំផ្ញើរបន្ថែមទៀត ទៅកាន់កងកម្លាំងនគរបាលយើងដើម្បីពង្រឹងការងារជំនាញរបស់ខ្លួន ក៏ដូចជាវិន័យកងកម្លាំងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រោយបញ្ចប់ការងារត្រួតពិនិត្យនៅអធិការដ្ឋានស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ឃុំដែលមានឃុំប៉ាតេ យ៉ាទុង សោមធំ ប៉ក់ញ៉ៃ សេសាន្ត លំជ័រ និងឃុំបរខាំ រួចមក លោកឧត្តមសេនីយ៍ទោស្នងការ និងក្រុមការងារព្រមទាំងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានរៀបចំទទួលទានអាហារសាមគ្គីដើម្បីថ្លែងអំណរគុណនិងលើកទឹកចិត្តដល់កងកម្លាំងនគរបាលដែលខិតខំបំពេញការងារក្នុងពេលកន្លងមកយ៉ាងមានភាពកក់ក្តៅនិងទឹកចិត្តសប្បាយរីករាយ៕


