យោធាសហរដ្ឋអាមេរិក បានឲ្យដឹងពីការផ្គត់ផ្គង់នូវកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដល់អ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានខាងលើ បានបន្ថែមថា មន្ត្រីដែលមិនបញ្ចេញឈ្មោះ និយាយថា គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ និងគ្រាប់រំសេវ GMLRS ឥឡូវនេះ កំពុងបញ្ជូនទៅអ៊ុយក្រែន។
កាលពីថ្ងៃទី ២ ខែកក្កដា សហរដ្ឋអាមេរិក បានប្រកាសនឹងផ្អាកការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot, ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនប្រភេទ (GMLRS) កាំជ្រួច Hellfire, ប្រព័ន្ធការពារដែនអាកាសចល័ត Stinger និងអាវុធមួយចំនួនទៀតទៅកាន់ទីក្រុងគៀវ។
បន្ទាប់ពីការប្រកាស ក្រសួងការបរទេសអ៊ុយក្រែន បានកោះហៅភារធារីអាមេរិកប្រចាំនៅទីក្រុងគៀវ លោក John Ginkel មកពិភាក្សា ខណៈដែលលោក Vladimir Zelensky កត់សម្គាល់ថា អឺរ៉ុប មិនអាចផ្គត់ផ្គង់ពេញលេញដូចអាមេរិកទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ៣ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវឡើងវិញ។ ទោះបីជាអាមេរិក ខ្លួនឯងកំពុងត្រូវការក៏ដោយ។
លោក ត្រាំ លើកឡើងថា ការផ្អាកអាវុធបែបនេះ នឹងធ្វើឲ្យអ៊ុយក្រែន កាន់តែពិបាកក្នុងការទប់ទល់នឹងសន្ទុះវាយប្រហាររបស់រុស្ស៊ី កាន់តែខ្លាំង៕

ដោយ៖ ពេជ្រ