ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយក្រុមភ្ញៀវម៉ាឡេស៊ី ក្នុងលទ្ធផលស្មើគ្នា ២-២ នៅក្នុងជំនួបបើកឆាកពូល A នៃការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cup 2024) នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញកាលពីយប់មិញ។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា រកបានដោយកីឡាករទើនចូលសញ្ជាតិ Abdel Kader Coulibaly នៅនាទី៥២ និងកីឡាករ សារ ទី នៅនាទី៦០ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវម៉ាឡេស៊ី រកបានដោយកីឡាករ Stuart Wilkin នៅនាទី៣៥ និងកីឡាករ Fergus Tierney នៅនាទី៧៤ ។ លទ្ធផល ២-២ បានរក្សារហូតដល់ចប់ការប្រកួត។ ចំណែក១គូទៀតក្នុងពូល A ដែល ក្រុមដំរីសឹកថៃ បានបំបាក់ក្រុមទីម័រខាងកើត ក្នុងលទ្ធផល ១០-0។
លទ្ធផលនេះធ្វើឲ្យក្រុមគោព្រៃកម្ពុជា ឈរលេខ២បណ្ដោះអាសន្នក្នុងពូល A ហើយនឹងត្រូវធ្វើដំណើរទៅសិង្ហបុរី ដើម្បីត្រៀមការប្រកួតបន្ទាប់ក្នុងពូលA ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១១-ធ្នូ មុនត្រឡប់មកបើកទ្វារផ្ទះជាថ្មី ទទួលក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី១៧-ធ្នូ និងចុងក្រោយ កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៃយុទ្ធនាការប្រកួតជើងឯក AFF Mitsubishi Electric Cup ឆ្នាំ២០២៤៕