ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩០គ្រឿង រួមមានមេដាយមាស ៤៨ ប្រាក់ ៣៦ និងសំរឹទ្ធ ៦ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងទៅនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។

ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ ២០០នាក់ មកពី ៦ប្រទេស។ ការប្រកួតធ្វើឡើងពីថ្ងៃទី២៨-៣០ ខែមិថុនា ខណៈជាលទ្ធផល ក្រៅពីកម្ពុជាដែលឈ្នះមេដាយច្រើនជាងគេ គឺមានម៉ាឡេស៊ី ឈ្នះមេដាយសរុប ៥០គ្រឿង (មាស ១១ ប្រាក់ ១៧ និងសំរឹទ្ធ ២២), វៀតណាម ឈ្នះមេដាយសរុប ៣២គ្រឿង (មាស ២ ប្រាក់ ៥ និងសំរឹទ្ធ ២៥), ហ្វីលីពីន ឈ្នះមេដាយសរុប ១៦គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១៣), សិង្ហបុរី ឈ្នះមេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងឥណ្ឌូនេស៊ី ឈ្នះមេដាាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១)៕

