សៀមរាប៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំកម្មវិធីដាក់ឱ្យដំណើការជាផ្លូវការបណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្ត្រី តាងនាមឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។

លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានីបានជម្រាបថា ក្រោមកិច្ចគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា គម្រោង«បណ្ណាល័យមិត្តភាពកម្ពុជា-ចិន»ត្រូវបានអនុវត្តដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបានកែលម្អសោភណភាពទាំងស្រុង រួមជាមួយការបំពាក់សម្ភារនានាបម្រើដល់វិស័យអំណានថែមទៀតផង។ បន្ថែមពីលើនេះ តាមរយៈគម្រោងកែលម្អនេះ បណ្ណាល័យបានធ្វើទំនើបកម្មសម្ភារនានាដើម្បីដើរទាន់យុគសម័យកាលឌីជីថល។
លោក នឹម សុវណ្ណ អភិបាលស្តីទីនៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានគូសបញ្ជាក់ថា បណ្ណាល័យមិត្តភាពកម្ពុជា-ចិននេះមិនត្រឹមបម្រើដល់វិស័យអំណានសម្រាប់សិស្សានុសិស្សចំនួន២៣៤នាក់ និងគ្រូបង្រៀន៩រូបនៅក្នុងសាលាបឋមសិក្សាតានីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាមជ្ឈមណ្ឌលតភ្ជាប់មហាជនក្នុងក្រុងរុនតាឯកតេជោសែនមកអានថែមទៀតផង។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកមានសេចក្តីរំភើបចិត្តយ៉ាងខ្លាំងដែលស្ថានទូតចិនប្រចាំកម្ពុជារួមជាមួយសង្គមស៊ីវិលនានារបស់ប្រទេសចិនដូចជាមូលនិធិចិនPeaceland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទជាដើមបានចូលរួមនៅក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យជាមួយរដ្ឋបាលក្រុងរុនតាឯកតេជោសែន ក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ក្នុងនាមឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងថា ការអប់រំគឺជាគន្លឹះដ៏សំខាន់សម្រាប់អភិវឌ្ឍជាតិ ហើយការវិនិយោគដល់ការអប់រំកុមារតូចជាការបណ្តុះនូវគ្រាប់ពូជនៃក្តីសង្ឃឹមដល់ប្រទេសជាតិ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលគំនិត «បង្រៀនមនុស្សឱ្យចេះស្ទូចត្រី» ហើយប្តេជ្ញាជំរុញការអភិវឌ្ឍរួមជាមួយប្រទេសទាំងអស់តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាក់ស្តែងការរួមចំណែកដាក់ឱ្យដំណើការបណ្ណាល័យមិត្តភាពកម្ពុជា-ចិននាថ្ងៃនេះមិនត្រឹមតែជាអគារមួយប៉ុណ្ណោះទេ ថែមទាំងជាគ្រាប់ពូជនៃការលូតលាត់ប្រាជ្ញានៃមិត្តភាពកម្ពុជា-ចិនផងដែរ។
ក្នុងនាមឯកឧត្តម កឹម រ័ត្នវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ក្រោមកិច្ចគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជាក្នុងការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគម្រោងនានាសម្រាប់បំពេញបាននូវតម្រូវការជាមូលដ្ឋាន ជាក់ស្តែងបណ្ណាល័យមិត្តភាពកម្ពុជា-ចិននេះជាឧទាហរណ៍បញ្ជាក់ស្រាប់។ ឯកឧត្តមបានបន្តការលើកទឹកចិត្តដល់សិស្សានុសិស្សប្រើប្រាស់ពេលវេលារបស់ខ្លួនឱ្យបានច្រើនជាមួយអំណាននៅបណ្ណាល័យ និងនៅផ្ទះ ហើយឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ជាច្រើនលើវិស័យអំណាននេះដើម្បីឱ្យសិស្សបណ្តុះបានទម្លាប់អានពេញមួយជីវិត។ ឯកឧត្តមក៏បានរំលេចពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសង្គមស៊ីវិលជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍជនបទដោយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន៕




