ក្រសួងទេសចរណ៍បើកវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសនៅខេត្តរតនគិរី

ខេត្តរតនគិរី÷ បច្ចុប្បន្ននេះខេត្តរតនគិរី មានតំបន់រមណីយដ្ឋាន និងតំបន់សក្តានុពលទេសចរណ៍ចំនួន២២ កន្លែង ដែលគ្រប់គ្រងដោយសហគមន៍ និងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់រដូវកាល។ នេះជាការលើកឡើងពីលោក សាម សុជាតិ អភិបាលរងខេត្តរតនគិរីក្នុងវេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសដែលបានប្រារព្ធធ្វើនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យវិស័យទេសចរណ៍ ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅ ឡើយ។ ម្យ៉ាងវិញទៀតក្រោមការដឹកនាំរបស់ លោកអភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេសនៅតំបន់ជុំវិញបឹងកន្សែងដែលមាននូវសម្បទាទេសចរណ៍សំខាន់ៗ សួនច្បារ សួនកម្សាន្ត ដើម្បីលើកកម្ពស់នូវសោភណ្ឌភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តខេត្តរតនគិរី។ ជាកស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៣២៦,៦៧៤ នាក់ កើនឡើង៨.៥៦% ប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនសរុប ៣១៤,៨៣១ នាក់ កើនឡើង ៧.៤២%។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ១១,៨៤៣ នាក់ កើនឡើង ៥១.៥៤%។

ថ្លែងក្នុងវេទិកានេះ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.អ.អ) បានលើកឡើងថា វេទិកាអេកូទេសចរណ៍កម្រិតបច្ចេកទេសនៅខេត្តរតនគិរីនាពេលនេះធ្វើឡើងក្រោមប្រធានបទ៖ “សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍” វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាសហគមន៍មកពីបណ្តាខេត្តទូទាំង៩ ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) ។

លោកបន្តថា តាមរយៈបទបង្ហាញរបស់មន្ទីរទេសចរណ៍រតនគីរី ដែលបានបង្ហាញពីនីតិវិធីក្នុងការវាយតម្លៃ ស្តង់ដាសហគមន៍ ដែលជាធាតុចូលដ៏មានសារៈសំខាន់ក្នុងការ វាស់វែងប្រសិទ្ធភាព និងប្រសិទ្ធផល ការងារតាមចង្កោមសកម្មភាពដែលបានគ្រោងទុក ដើម្បីសម្រេចបាននូវចក្ខុ វិស័យ គោលបំណង និងគោលដៅ ដែលបានដាក់ចុះផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា អស់លោក លោកស្រី អ្នកនាងកញ្ញា នឹងជ្រាបកាន់ តែច្បាស់អំពីសារៈសំខាន់នៃស្តង់ដាអេកូទេសចរណ៍សម្រាប់រដ្ឋបាលរាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ និងមន្ទីរជំនាញពាក់ព័ន្ធនឹងរួមគ្នាបន្តអនុវត្ត។និងសូមមន្ទីរទេសចរណ៍ខេត្តទាំងអស់ មេត្តាពង្រឹងការអនុវត្តអេកូទេសចរណ៍ខេត្ត ស្តង់ដា ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងបន្តរៀបចំប្លង់គោលអភិវឌ្ឍ រមណីយដ្ឋាន ទេសចរណ៍សំខាន់ៗក្នុងខេត្តឲ្យបានល្អប្រសើរ សំដៅពង្រឹងយន្តការគ្រប់គ្រង និងទាក់ទាញវិនិយោគទុនឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

Written by 

Related posts

Leave a Comment