រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី២ ឆ្នាំ២០២៥ រយៈពេល ១៤ថ្ងៃ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី WU Haiyan តំណាងសាកលវិទ្យាធិការង និងជាប្រធាននាយកដ្ឋានការផ្លាស់ប្តូរការសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ Qiannan Normal University of Nationalities លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន-ចិន លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងនិស្សិតកម្ពុជា-ចិនជាច្រើនរូប។

កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ១៤ថ្ងៃ របស់និស្សិតនៃសាកលវិទ្យាល័យ Qiannan Normal University of Nationalities ឆ្នាំ២០២៥ លើកទី២ មកកាន់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអប់រំរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រខ្មែរ និងតំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។ កម្មវិធីនេះ ក៏នឹងក្លាយជាឱកាសដើម្បីឱ្យសាកលវិទ្យាល័យចិន និងសាកលវិទ្យាល័យកម្ពុជា បានផ្លាស់ប្តូរការអប់រំជាលក្ខណៈអន្តរជាតិ ជាពិសេសបានផ្តល់ឱ្យគណៈគ្រប់គ្រងស្ថាប័នអប់រំ អ្នកជំនាញអប់រំ បានពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយក៏នឹងក្លាយជាវេទិកាមិត្តភាព ដើម្បីលើកកម្ពស់វិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ រវាងកម្ពុជា-ចិន ជាពិសេសអាចពិនិត្យលទ្ធភាពក្លាយជាដៃគូសហការគ្នា នាពេលអនាគតផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតឆ្នើមទាំងអស់ ដែលបានមកដល់ប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីផ្លាស់ប្តូរនេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍ពីឱកាសដ៏វិសេសវិសាលនេះ ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី និងភាពសម្បូរបែបនៃប្រទេសកម្ពុជា ព្រមទាំងចែករំលែកបទពិសោធចំណេះដឹងរបស់ខ្លួនទៅវិញទៅមកផងដែរ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា កម្មវិធីផ្លាស់ប្តូរនិស្សិតដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងចំណងមិត្តភាព និងលើកកម្ពស់ការស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បី កសាងអនាគតរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។ តាមរយៈកម្មវិធីនេះ សិស្សនិស្សិត និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ៖
– បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក៖ ឱកាសសិក្សាស្វែងយល់ដោយផ្ទាល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការរស់នៅរបស់ប្រជាជន តម្លៃសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចសង្គម, យល់ពីតម្លៃនៃវប្បធម៌ចម្រុះជាតិសាសន៍ ដើម្បីសុខដុមនីយកម្មសង្គម ការទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាព។
– ស្វែងយល់ពីតម្លៃភាសា និងពង្រឹងជំនាញ៖ ឱកាសរៀននិយាយភាសាខ្មែរ ក៏ដូចជាអភិវឌ្ឍជំនាញជាក់ស្តែងផ្សេងៗទៀត តាមរយៈការសិក្សា និងការអនុវត្តនៅក្នុងបរិយាកាសកម្ពុជា។
– ភាពជាម្ចាស់ការ៖ ការដកបទពិសោធនៃការរស់នៅក្នុងបរិបទថ្មី ដោយទីពឹងលើខ្លួនឯង ដែលនេះ គឺជាការសាកល្បងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗក៏ដូចជាហ្វឹកហាត់សមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
– ជំរុញកិច្ចសហប្រតិបត្តិការអប់រំ៖ កម្មវិធីនេះក៏ជាស្ពានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធបង្រៀន និងការស្រាវជ្រាវរួមគ្នា។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យកចិត្តទុកដាក់ដល់ការសិក្សា និងការរស់នៅរបស់និស្សិតចិនក្នុងអំឡុងពេលសិក្សា ដើម្បីធានាថា កម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា ហើយក៏សូមថ្លែងអំណរគុណចំពោះសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន សាលារៀនស្ទេបហ្វរវើដអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Qiannan Normal University for Nationalities ដែលបានរួមគ្នាគាំទ្រធ្វើឱ្យកម្មវិធីការផ្លាស់ប្តូរការសិក្សារបស់និស្សិតខេត្តគួយចូវឆ្នាំ២០២៥ លើកទី២នេះ សម្រេចទៅបានប្រកបដោយភាពជោគជ័យ៕




