អ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម ជុំ សុន្ទរីបានថ្លែងថា គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ។ ការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី បែបនេះជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរទាក់ទងការប្រកាសបិទច្រករបៀងមួយចំនួន ជាឯកតោភាគីរបស់ភាគីថៃ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នេះ។
ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា “ខ្ញុំកំពុងរង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ របស់ប្រទេសថៃ ចំពោះព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ”។
សូមជម្រាបថា នៅព្រឹកថ្ងៃនេះមានការផ្សព្វផ្សាយថា ភាគីថៃបានបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាមួយកម្ពុជា នៅខេត្តស្រះកែវ៕

