យោងតាម លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ គឺថៃបានប្រកាសបិទជាឯកតោភាគីនូវច្រករបៀងមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជា។
បើតាមលិខិតដដែល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕


