ពិធីបិទសិក្ខាសាលា «បិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP 2)»

កំពង់ចាម៖ នារសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា «បិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP 2)»ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំគម្រោង, ទីប្រឹក្សាគម្រោង, មន្ត្រីអនុវត្តគម្រោង, តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥, គណៈគ្រប់គ្រងវិទ្យាល័យធនធានទាំង៥០,តំណាងគ្រូបង្រៀន, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងអង្គការខេប (KAPE) តំណាងនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធប្រមាណ២៥០នាក់។

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ប្រធានគ្រប់គ្រងគម្រោង បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលដែលគម្រោងសម្រេចបាន និងលទ្ធផលដែលអង្គសិក្ខាសាលាបានធ្វើបទបង្ហាញ និងពិភាក្សាគ្នាអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ដោយគម្រោង USESDP-2 មានទំហំថវិកាសរុបប្រមាណ ៥៣លានដុល្លាសហរដ្ឋអាមេរិក និងបានអនុវត្តរយៈពេល ៦ឆ្នាំកន្លះ សម្រេចបានផលជះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព  និងទទួលបានភាពជោគជ័យលើផលសម្រេច (Outcomes) ចំនួន៤ រួមមាន៖ (១) អត្រារួមនៃការសិក្សារបស់សិស្សមធ្យមសិក្សាទុតិយភូមិកើនដល់ ៣១.៨% នៅឆ្នាំ២០២៥, (២) អត្រាសិស្សឡើងថ្នាក់ទី១០ ទៅទី១១ កើនដល់ ៩០.១0% នៅឆ្នាំ២០២៥, (៣) អត្រាសិស្សឡើងថ្នាក់ទី១១ ទៅទី១២កើនដល់ ៩៧.៤០%នៅឆ្នាំ២០២៥, និង(៤) អត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិថយដល់ ១៥% នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ គម្រោងក៏សម្រេចបានលទ្ធផល (Outputs) ចំនួន ៣ រួមមាន៖ (១)លើកកម្ពស់គុណភាពគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិ, (២)បង្កើនគុណភាពនិងភាពឆ្លើយតបទៅនឹងទីផ្សារការងារនៃការអប់រំមធ្យមសិក្សាទុតិយភូមិ,និង(៣)ពង្រឹងសមត្ថភាពស្ថាប័នក្នុងការរៀបចំផែនការ ការគ្រប់គ្រង និងការផ្តល់សេវាអប់រំ ព្រមទាំងសម្រេចបានលទ្ធផលរង (Sub-output) ទាំង២១ ដោយជោគជ័យ។

 ជាលទ្ធផលនៃកិច្ចពិភាក្សាក្នុងសិក្ខាសាលា រួមមាន៖ (១)ការបណ្តុះបណ្តាលជំនាញបន្ថែមផ្នែកស្ទែម (២)កម្មវិធីប្រឹក្សាអាជីព និងភាពជាដៃគូរវាងសាលារៀន និងឧស្សាហកម្ម (៣)ការអនុវត្តស្តង់ដាសាលារៀនគំរូ (៤)ផលជះនៃការប្រើប្រាស់អគារធនធាន (៥)ប្រព័ន្ធអប់រំស្ទែមនៅវិទ្យាស្ថានជាតិអប់រំ (៦)អត្ថប្រយោជន៍នៃការប្រើប្រាស់បន្ទប់បំណិនជីវិត ពហុបំណង (៧)ការប្រើប្រាស់ដោយថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ឆ្លើយតបទៅនឹងលទ្ធផលសូចនាករសមិទ្ធកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ឌី ខាំបូលី បានគូសបញ្ជាក់លើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៤ឆ្នាំចុងក្រោយ និងលទ្ធផលឆ្លើយតបនឹងថវិកាសមិទ្ធកម្មឆ្នាំ២០២៤ ទាំង១២របស់ក្រសួងអប់រំ យុវជន និងកីឡា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោង និងគ្រប់ភាគីទាំងអស់ដែលបានខិតខំបំពេញការងារគម្រោងរហូតទទួលបានជោគជ័យដែលស្ដែងចេញពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្នែកទន់។ បន្ថែមពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ត្រូវបន្តពង្រឹងគុណភាពអប់រំគឺត្រូវពង្រឹងពីថ្នាក់ក្រោម ពីមតេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ កត្តាកំណត់គុណភាពគឺ (១). កត្តាគ្រូ វិធីសាស្ត្រ ចំណេះដឹងគ្រូ (២). កត្តានាយក និង សាលារៀន និងការដឹកនាំរបស់នាយក (៣). កត្តាសិស្សក៏ត្រូវខិតខំ ថែរក្សាសុខភាព និងមានអាហារូបត្ថម្ភគ្រប់គ្រាន់ (៤). កត្តាបរិស្ថានជុំវិញ មានមាតាបិតា និង (៥).កត្តាប្រព័ន្ធអប់រំ កម្មវិធីសិក្សា និងការគាំទ្រសិស្ស។

 ក្រោមគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលគឺ៖ (១). ការរៀបចំ និងត្រៀមលក្ខណៈអនុវត្តគន្លងអប់រំនាឆ្នាំសិក្សាក្រោយ ដែលគន្លងអប់រំមាន ៣ រួមមាន វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រ និងវិជ្ជាជីវៈ និង (២). ការបង្កើនអត្រាចូលរៀននៅវិទ្យាល័យ ដោយពិនិត្យមើលខេត្តដែលអាចពង្រីកពីអនុវិទ្យាល័យទៅវិទ្យាល័យ ស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ធ្វើសិក្សាលទ្ធភាពនិងកំណត់គោលដៅ រួមទាំងកំណត់មូលហេតុនៃការបោះបង់ការសិក្សា និងស្នើឡើងនូវដំណោះស្រាយដូចជា បង្កើនអគារសិក្សា គ្រូបង្រៀន ជាដើម។កិច្ចការនេះ ត្រូវផ្តល់មកក្រសួង ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ខាងមុខ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម លោកជំទាវ លោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោង និងគ្រប់ភាគីទាំងអស់ ជាពិសេស ឯកឧត្ដមបណ្ឌិតសភាចារ្យណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជានាយកគម្រោង USESDP-2 ដែលបានដឹកនាំដោយផ្ទាល់ ធ្វើឱ្យគម្រោង ក៏ដូចជាសិក្ខាសាលានេះ បានប្រព្រឹត្តិទៅដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា៕

Written by 

Related posts

Leave a Comment