ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងដៃគូរវិនិយោគជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍មួយចំនួនទៀតនឹងរៀបចំវេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ ដើម្បីផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគសកលការពង្រឹងភាពរីកចម្រើនតាមរយៈភាពជាដៃគូវិនិយោគជាយុទ្ធសាស្រ្ត នៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៥ ក្នុងរាជធានីភ្នំពេញ ។

ថ្លែនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងថា កម្ពុជា មានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Cambodia Investment Matching 2025 (CIM 2025) ជាវេទិកាវិនិយោគគាំទ្រថ្នាក់ជាតិ ដែលនឹងរៀបចំឡើងដើម្បីភ្ជាប់ការច្នៃប្រឌិតក្នុងស្រុកជាមួយនឹងទុនវិនិយោគពីក្រៅប្រទេស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹត្តិការណ៍នេះ មានរយៈពេលពីរថ្ងៃ ដែលមានការចូលរួមពីសហគ្រិនកម្ពុជាជាង ១៥០ នាក់និងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន ៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀត។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា វេទិកានេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា PATA Cambodia Chapter (PATACC) និងសមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងមានការគាំទ្រពី ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។ វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ នៃអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា (២០២៣-២០២៨)។

ឯកឧត្តមបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពង្រឹងអាទិភាពជាតិ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនវិស័យឯកជន ពង្រីកលទ្ធភាពហិរញ្ញវត្ថុ និងលើកកំពស់ជំហររបស់កម្ពុជាជាគោលដៅប្រកួតប្រជែងលើការវិនិយោគ។
លោកបណ្ឌិត ធួន ស៊ីណាន ស្ថាបនិក CIM និងជាប្រធាន PATACC មានប្រសាសន៍ថា “ព្រឹត្តការណ៍ CIM ២០២៥ គឺជាកាតាលីករមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជាដែលមានការត្រួតពិនិត្យជាមួយមូលធនអន្តរជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ច រយៈពេលវែង ប្រកបដោយនិរន្តរភាព។
គំនិតផ្តួចផ្តើមនេះក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជា ប្រែក្លាយទៅជារយៈពេលនៃការវិនិយោគដ៏មានតម្លៃខ្ពស់ និង មានការផ្តល់យុទ្ធសាស្ត្រ របស់អ្នកចូលរួម។
ប្រធាន CIM នៅបានបញ្ជាក់ថាចំណុចសំខាន់ៗក្នុងកម្មវីធិនេះមាន ÷
យុទ្ធសាស្រ្តផ្គូរផ្គងអាជីវកម្ម៖ ដែលមានវិនិយោគិនប្រមាណ ៥០០ នាក់ និងជួបពិភាក្សា គ្នាតាមប្រព័ន្ធកិច្ចប្រជុំជំនួបនេះ នឹងមានគណៈប្រតិភូវិនិយោគិនចូលរួមប្រមាណ ១០ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន និងម៉ាល់ឌីវ ជាដើម។ល។

លោកបានបញ្ជាក់ទៀតថា វេទិកាទេសចរណ៍ដ៏សំខាន់នេះ ផ្តោតទៅលើវិស័យកំណើនខ្ពស់ដូចជា ទេសចរណ៍ និងបដិសណ្ឋារកិច្ច ទេសចរណ៍សុខភាព និងកសិ-ទេសចរណ៍ តាមសហគមន៍ដែលភ្ជាប់ជាមួយកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ ទេសចរណ៍អចលនៈទ្រព្យ – ការរួមបញ្ជូលរវាងអចលនទ្រព្យ និងសណ្ឋាគារដើម្បីការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព បច្ចេកវិទ្យា និងការច្នៃប្រឌិត ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម និងសេវាកម្មឌីជីថលដែលរួមចំណែកដល់វិស័យអេកូទេសចរណ៍។
ជាមួយគ្នានោះ តម្លាភាព និងលទ្ធផលវិនិយោគិនទាំងអស់ ដែលចូលរួមនឹងត្រូវបានពិនិត្យដោយប្រុងប្រយ័ត្នដើម្បីធានាថាត្រូវគ្នានឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា វេទិកាជំនួបវិនិយោគកម្ពុជា ឆ្នាំ២០២៥ (CIM 2025) គឺជាការតំណាងជាតិនៃការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះភាពច្នៃប្រឌិត កំណើនសមភាព និងការពង្រឹងវិស័ឯកជន។ ខណៈពេលដែលយើងកំពុងធ្វើឱ្យសម្រេចនូវរូបភាពដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល CIM 2025 គឺជាគំរោងគន្លឹះដែលនាំព្រះរាជាណាចក្រឆ្ពោះទៅរកអនាគតសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក៕

