«ចាត់ទុកសេដ្ឋកិច្ចពិភពលោកជាឧបករណ៍ធ្វើនយោបាយនិងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាលឱ្យប្រជាជនពិភពលោករងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោករួមសាមគ្គីគ្នានិងធ្វើកិច្ចសហការនិងការសម្របសម្រួលគ្នាដើម្បីគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍនិងភាពរុងរឿងនៃសកលលោក ដែលផ្ទុយស្រឡះពីមហាអំណាចមួយបានយកសង្គ្រាមពន្ធគយនិងពាណិជ្ជកម្មជាល្បែង ហើយតាមរយៈសង្គ្រាមនេះច្បាស់ថានឹងមិនមានអ្នកឈ្នះទេ ហើយមហាអំណាចដែលប្រើប្រាស់សង្គ្រាមនេះជាអាវុធកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអនុត្តរភាពលើពិភពលោកដែលទីបំផុតមានតែធ្វើឱ្យប្រទេសមហាអំណាចមួយនោះនៅឯកកោជាក់ជាមិនខាន។ ក្នុងន័យនេះបានរំលេចយ៉ាងច្បាស់ថា តាមរយៈការគិតផ្នែកយុទ្ធសាស្ត្រដែលប្ដេជ្ញាចំពោះបច្ចុប្បន្នភាពនិងអនាគតដ៏ប្រពៃសម្រាប់ពិភពលោកក្នុងការរក្សាកំណើននិងស្ថិរភាពសេដ្ឋកិច្ចសកល ដោយស្ថិតនៅក្នុងភាពអំណត់និងក្នុងនាមជាជើងឯកការពារយុត្តិធម៌អន្តរជាតិ ចិនជ្រើសរើសយុទ្ធសាស្ត្រប្រឆាំងដាច់ខាតលើកំហូចសណ្ឋាប់ធ្នាប់សកល ដែលបាននាំឱ្យពិភពលោកយល់ថា ប្រាជ្ញាចិនឈ្នះសមរភូមិសង្គ្រាមពន្ធគយនិងពាណិជ្ជកម្ម ហើយប្រាជ្ញាចិនបានផ្លាស់ប្តូរឧបសគ្គទៅជាឱកាសនៃកម្លាំងសហគមន៍អន្តរជាតិសាមគ្គីកាន់តែរឹងមាំជាមួយប្រទេសចិន ។ ប្រទេសចិនបានរួមចំណែកកសាងពិភពលោកមួយដែលមានលក្ខណៈបើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក បានជំរុញឲ្យមាននូវវឌ្ឍនភាពរបស់មនុស្សជាតិ ហើយមិនថាប្រទេសចិនរីកចម្រើនដល់កម្រិតណា ក៏ប្រទេសចិននឹងមិនដើរតាមមាគ៌ាសម្លុតគម្រាមកំហែង ប្រើប្រាស់យន្តការពន្ធគយ និងធ្វើអនុត្តរភាពលើប្រទេសណាមួយឡើយ។ បន្ថែមពីលើនេះ ប្រទេសចិនតែងគោរពនិងផ្តល់តម្លៃលើផ្លូវនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានាស្របតាមលក្ខខណ្ឌប្រជាជាតិរៀងៗខ្លួន។
«គំនិតបើកចំហ និង កិច្ចពិភាក្សាដោយសមភាពនិងធានាយុត្តិធម៌សង្គម» ដូចមានគូសបញ្ជាក់នៅក្នុង«សេចក្តីថ្លែងការណ៍រួមរវាងចិននិងអាមេរិកស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងខ្លឹមសារនេះ ដើម្បីគេចផុតពីការបង្កសង្គ្រាមពន្ធគយដែលជាកត្តាខូចខាតសម្រាប់សហគមន៍អន្តរជាតិទាំងមូលដោយមិនមានអ្នកឈ្នះនោះ ប្រទេសចិនបានបង្ហាញនូវការតស៊ូប្រឆាំងនឹងការបង្កើនឧបសគ្គដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ ក្រោមទម្រនៃគោលនយោបាយស្តីពីការពង្រីកការបើកទូលាយជាបន្តបន្ទាប់បានបង្កើនលំនឹងក្នុងការរក្សាឆន្ទៈមុតមាំជាយុទ្ធសាស្រ្តនិងទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម រួមជាមួយកម្លាំងនិងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិនបានផ្តល់ជាសូចនាករដល់គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើនបានព្យាករណ៍ថា «សេដ្ឋកិច្ចចិននឹងរក្សាកំណើនប្រកបដោយស្ថិរភាពនិងភាពរឹងមាំនៅឆ្នាំ២០២៥» ក្នុងពេលដែលប្រព័ន្ធសារព័ត៌មានអាមេរិកបានកត់សម្គាល់ថាគោលនយោបាយពន្ធគយរបស់អាមេរិកបណ្តាលឱ្យវិនិយោគិនបរទេសបង្អង់ល្បឿនបណ្តាក់ទុននៅអាមេរិក ហើយឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកជាច្រើនបានព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយចុះរបស់សេដ្ឋកិច្ចអាមេរិកនៅពេលអនាគតនឹងលើសពី ៦០% ហើយអត្រាអតិផរណានៅឆ្នាំនេះនឹងកើនឡើងដល់៣,៥% ឬ ៤% ។ រីឯអត្រាគាំទ្ររបស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះបន្ទាប់ពីកាន់អំណាចគម្រប់មួយរយថ្ងៃបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនេះ។
«ទំនាក់ទំនងពហុជាតិ និងការរួមសហការអន្តរជាតិ» ជាមូលដ្ឋានគ្រឹះនៃការទូតតាមបែបផែនចិនក្នុងនាមជាមហាអំណាចដែលទទួលខុសត្រូវចំពោះសុខុមាលភាពសាធារណៈសកល បានក្លាយជាយន្តការដ៏សំខាន់នៅក្នុងដំណោះស្រាយសកល ស្របនឹងប្រសាសន៍របស់លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា «ប្រទេសចិនដែលបើកចំហជាកាលានុវត្តភាពជានិរន្ត៍របស់ពិភពលោក ។ ប្រទេសចិនបង្កើតបរិយាកាសប្រកបអាជីវកម្មបែបទីផ្សារភាវូបនីយកម្ម និយតកម្មនិងសាកលភាវូបនីយកម្ម ដែលជាទីផ្សារដ៏ធំអស្ចារ្យក្នុងការចែករំលែកសម្រាប់ពិភពលោក ហើយប្រទេសចិនខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្មនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន»។ កម្លាំងចលករបន្ថែមអានុភាពជួយឱ្យប្រទេសចិននៅលើសមរភូមិចរចារពាណិជ្ជកម្ម នោះគឺសម្ព័ន្ធភាពរបស់ចិនជាមួយប្រទេសនានាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទាំងទ្វេភាគីនិងទាំងពហុភាគីដូចជាRCEP រួមជាមួយសម្ព័ន្ធភាពនៃក្រុមប្រទេសBRICS បណ្តាប្រទេសនៃអង្គការ SCO និងការរួមគ្នាជាមួយប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាក់ស្តែង ដោយមិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា ក៏ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសអាមេរិកឡាទីននិងការាបៀបជារៀងរហូត ហើយប្រកៀកស្មាជាមួយបណ្តាប្រទេសអាមេរិកឡាទីនក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីនដោយផ្សារភ្ជាប់គម្រោងចំនួន៥គឺទី១-គម្រោងរួមសាមគ្គីគ្នា ទី២-គម្រោងអភិវឌ្ឍន៍ ទី៣-គម្រោងអរិយធម៌ ទី៤-គម្រោងសន្តិភាព និងទី៥-គម្រោងតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ។ ដោយឈរជាប់ជាមួយសហគមន៍អន្តរជាតិ ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសចិនថ្លែងថា ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយគឺជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិដោយសាទរដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសេធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។
ជារួម ជំហររបស់ប្រទេសចិនក្នុងស្ថានភាពសង្គ្រាមពន្ធគយ មិនត្រឹមជាការការពារពាណិជ្ជកម្មនិងផលប្រយោជន៍របស់ចិននោះទេ ថែមទាំងជាការបញ្ចេញសារដ៏សំខាន់ជាសាធារណៈទៅកាន់សហគមន៍អន្តរជាតិថា សេដ្ឋកិច្ចបើកចំហ សន្តិភាព និងសមធម៌ជាគន្លងនៃអនាគតរួម ហើយប្រាជ្ញាចិនបានបង្ហាញថា «ហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ» ជាប្រយោគដ៏ខ្លីដែលបានផ្តល់អត្ថន័យគ្រប់គ្រាន់ថាទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិក មិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេស និងប្រជាជនរបស់យើងទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ ។ មានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយដែលអាចហាមឃាត់ហេតុផលទាំងនោះបានឡើយ។ យើងបានដឹងមកហើយថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ប្រទេសទាំងពីរគួរបង្កើនទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅក្នុងការធានានូវភាពរឹងមាំ និងស្ថិរភាពនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល ដើម្បីជួសជុលឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលបានរងគ្រោះពីវិធានការពន្ធគយដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន