រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា មកកាន់ព្រលានយន្តហោះអន្ដរជាតិភ្នំពេញដើម្បីទទួលស្វាគមន៍លោកជំទាវ Frances Adamson AC អភិបាលខេត្តអូស្ត្រាលីភាគខាងត្បូង និងប្រតិភូអមដំណើរ ដែលអញ្ជើញមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកជំទាវ អភិបាលខេត្តអូស្ត្រាលីភាគខាងត្បូង នឹងចូលជួបសម្ដែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនៃជំនួបទ្វេភាគីរវាង លោកជំទាវ អភិបាលខេត្តអូស្ត្រាលីភាគខាងត្បូង និង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងសំណេះសំណាលផ្លាស់ប្តូរយោបល់ លើប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖
(១) ទិដ្ឋភាពទូទៅនៃការអប់រំសម្រាប់និស្សិតកម្ពុជានៅ South Australia និងការផ្តល់ឱកាសសិក្សាជូននិស្សិតកម្ពុជាក្នុងវិស័យអប់រំ នៅ South Australia ដែលរួមបញ្ចូលទាំងកម្មវិធី South Australian Certificate of Education (SACE) និងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ TAFE SA
(២) សក្ដានុពលដែល SACE (The South Australian Certificate of Education) ត្រូវបានទទួលស្គាល់ជាគុណវុឌ្ឍិ សម្រាប់ការចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា
(៣) ទិដ្ឋភាពទូទៅនៃការវិវត្តក្នុងវិស័យអប់រំរបស់ South Australia រួមទាំងការបង្កើត Adelaide University (ឆ្នាំ២០២៦) និង Flinders University’s City Campus
(៤) ការតម្រឹមជាមួយអាទិភាពនៃការចូលរួមអន្តរជាតិរបស់ក្រសួងក្នុងវិស័យអប់រំ៕



