ខេត្តស្វាយរៀង៖ ប្រភពព័ត៌មានបានឲ្យដឹងថា ខណនេះឈ្មួញវៀតណាមបាន និងកំពុងសម្រុកនាំផ្លែធុរេនពីប្រទេសវៀតណាមឆ្លងដែនយ៉ាងគគ្រឹកគគ្រេង ហើហើយយកមកលក់ឲ្យឈ្មួញខ្មែរដែលរងចាំទិញនៅចំណុចសូន្យនៃមាត់ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ តាមប្រភពរាយការណ៍ថា ក្នុងមួយថ្ងៃៗការនាំចូលផ្លែធុរេនវៀតណាមចូលមកស្រុកខ្មែរមានប្រមាណរាប់សិបរថយន្តឯណោះ គឺដូចជាហែកឋិនដោយសារតែតម្លៃទុរេនវៀតណាម ធ្លាក់តម្លៃយ៉ាងខ្លាំង គឺ១គីឡូ ៥,០០០រៀលប៉ុណ្ណោះ ក្រោយប្រទេសចិនប្រកាសផ្អាកទិញផ្លែធុរេនវៀតណាមដោយសារតែមានផ្ទុកសារធាតុគីមីធ្ងន់ធ្ងរ។

សូមជម្រាបថា ការនាំទុរេនពីប្រទេសវៀតណាមត្រូវបានសមត្ថកិច្ចនគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ សុំឲ្យខាងវៀតណាម ផ្អាកការនាំចូលទុរេនមកប្រទេសកម្ពុជា រយៈពេល១០ថ្ងៃ ដើម្បីសុំគោលការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឬ ក.ប.ប ខេត្តដើម្បីចុះពិនិត្យគុណភាព និងភូគាមអនាម័យលើផ្លែទុរេន ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាស់មិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានា ក្នុងរដ្ឋបាលខេត្តស្វាយរៀង ក៏ប៉ុន្តែល្បីថាមន្ត្រីគយ និងរដ្ឋាករ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំទុរេនចូលដោយសេរី ព្រោះខ្លាចបាត់ចំណូលពន្ធ។ ការមិនចុះសម្រុងគ្នានេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
លោកឧត្តមសេនីយ៍ ប៉ាង ឡេង នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានប្រាប់សារព័ត៌មានថា លោកបានស្នើសុំទៅភាគីវៀតណាមើយ ដោយសុំឲ្យផ្អាកការនាំផលិតផលផ្លែទុរេនឆ្លងដែនចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ រយៈពេល១០ថ្ងៃ ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកកម្ពុជាទេ និងដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម និងក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យគុណភាព និងភូគាមអនាម័យ និងសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ក៏ប៉ុន្តែខាងមន្ត្រីគយ និងរដ្ឋាករប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ជាអ្នកអនុញ្ញាតឲ្យវៀតណាម នាំទុរេនចូល ដោយមន្ត្រីគយ និយាយថា ការបិទមិនឲ្យវៀតណាមនាំទុរេនចូល ធ្វើឲ្យបាត់ចំណូលពន្ធ ម្យាងទៀត ខ្លាចភាគីវៀតណាម បិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយ នាំស្រូវ នាំដំឡូង ទៅប្រទេវៀតណាមវិញ ។

លោក ប៉ែន ចន្ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា មន្ទីរកសិកម្ម គ្មានសិទ្ធិក្នុងការដាក់មន្ត្រី ចុះទៅធ្វើការនៅតាមច្រកទ្វារព្រំដែន ពិនិត្យគុណភាព ឬភូគាមអនាម័យ នៅតាមព្រំដែនទេ គឺមានតែផ្នែក ចត្តាឡីស័ក បាញ់ថ្នាំអនាម័យកង់ររថយន្តប៉ុណ្ណោះ។
យ៉ាងណាក៏ដោយបន្ទាប់ពីមានការចម្រូងចម្រាស ហើយខាងគយបានបើកឲ្យឈ្មួញវៀតណាមនាំផ្លែទុរេនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ចាប់ពីម៉ោង៧និង០០នាទីព្រឹក ដល់វេលាម៉ោង២និង០០នាទីរសៀលនោះ ខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់បទបញ្ជាឲ្យបិទការនាំទុរេនពីប្រទេសវៀតណាម មួយរយៈសិន រង់ចាំការដោះស្រាយ ។ ប៉ុន្តែមហាជនបានលើកឡើងថា ទំរាំតែបិទឈ្មួញខ្មែរបានសម្រុកចូលទៅទិញទុរេនពីប្រទេសវៀតណាម មួយព្រឹកជិត៣០រថយន្តរួចទៅហើយ ហើយបាននាំចូលមកលក់នៅទីផ្សារកម្ពុជារួចទៅហើយ ហើយបើធុរេនទាំងនោះមានផ្ទុកសារធាតុគីមីលើសលុបនោះ តើសុខភាពប្រជាពលរដ្ឋអ្នកហូបនឹងទៅជាយ៉ាងណា៕
