ខេត្តរតនគិរី÷ ក្រុមក្មេងទំនើងចំនួនបីនាក់ត្រូវបានកម្លាំងប៉ុស្តិ៍បឹងកន្សែង សហការជាមួយកម្លាំងអធិការក្រុងបានលុងចុះបង្ក្រាបនិងឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពបង្ហោះម៉ូតូបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋមានការភ័យខ្លាច។

ករណីឃាត់ខ្លួនក្មេងទំនើងនេះបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នៅត្រង់ចំណុចផ្លូវមុខផ្ទះលក់ឥវ៉ាន់ចាប់ហួយ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងទំនើងបីនាក់នេះ ១-ឈ្មោះ ជឹម ចាន់រ៉ា (ហៅចាន់រ៉ា) ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លើកទឹកសុទ្ធ មានទីលំនៅបច្ចុប្បន្នភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

២-ឈ្មោះ រិន ភារម្យ (ហៅភារម្យ)អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកទឹកសុទ្ធ មានទីលំនៅសព្វថ្ងៃភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
និង៣-ឈ្មោះ ត្រូត សាន្តភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិគ្រឹង មុខរបរ កម្មករលើកទឹកសុទ្ធ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង រតនគិរី។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ២គ្រឿងជាមធ្យោបាយដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋយប់ព្រលប់។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍សង្កាត់បឹងកន្សែង បានធ្វើវិធានការអប់រំ ណែនាំ ធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាទទួលយកទៅអប់រំបន្ត។
ចំណែកឯម៉ូតូត្រូវបានដកហូតរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង៕

