ខេត្តរតនគិរី៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកន្ទូមចំនួន ១០ អដ្ឋិធាតុដែលរុករក ឃើញនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រាប់រដូវប្រាំង២០២៤-២០២៥ ត្រូវបានធ្វើពិធីប្រគល់ និងទទួលដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។

ពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោកស្រី អ៊ី ង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈ កម្មការ រុករកគាស់លើកអដ្ឋិធាតុខេត្ដកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងនៅក្នុងពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ លោក ម៉ា វិចិត្រ ក្នុងនាមថ្នាក់ដឹកនាំខេត្ដ មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ដរតនគិរី បានសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាន នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ យើងទាំងអស់គ្នាសូមលំឱនកាយ ចិត្តនិងគោរព វិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិស បួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលមាន អដ្ឋិធាតុ ជួបជុំនៅទីនេះសូមបន្ដស្ថិតនៅ ក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្ដន៍ដោយមង្គលដើម្បីបានជួបជុំ គ្រួសារ សាច់ ញាតិ បងប្អូនរបស់ខ្លួន កុំបីឃ្លៀងឃ្លាតឡើយ៕


