អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា រដ្ឋបាល Trump បានរៀបចំផែនការដើម្បីលះបង់ក្នុងរយៈពឹល ១០០ ថ្ងៃទៀតដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើឲ្យមានការរីកចម្រើន ខណដែលបានជំរុញឲ្យភាគីទាំងពីរបង្ហាញគំនិតរបស់ខ្លួនសម្រាប់ការដោះស្រាយជម្លោះ។

អនុប្រធានាធិបតីបានលើកទ្បើងថា “យើងមានជំហានដំបូងនេះ”ដោយឆ្លុះបញ្ចាំងពី ១០០ ថ្ងៃដំបូងនៃអាណត្តិទីពីររបស់ Donald Trump ដោយយើងបានទទួលសំណើសន្តិភាពនៅទីនោះ ហើយយើងនឹងប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេល ១០០ ថ្ងៃខាងមុខ ដើម្បីព្យាយាមនាំអ្នកទាំងនេះមកជួបជុំគ្នាដើម្បីដោះស្រាយបញ្ចប់ជម្លោះ។
លោក Vance បានកត់សម្គាល់ថា មុនពេលដែលរដ្ឋបាល Trump ចេញមុខសម្របសម្រួលលើបញ្ហាជម្លោះនេះ ទីក្រុងមូស្គូ និងទីក្រុងគៀវ មិនទាំងបាននិយាយគ្នាមួយម៉ាត់ផង។ ប៉ុន្តែពួកគេប្រឹងតែប្រយុទ្ធគ្នាប៉ុណ្ណោះ។ លោកបន្ថែមថា “ឥឡូវនេះ ការងារការទូតគឺដើម្បីព្យាយាមនាំភាគីទាំងពីរឱ្យកាន់តែខិតមកកៀត និងជិតស្និទ្ធជាមួយគ្នា ក្នុងចន្លោះនៃឈូងសមុទ្រដ៏ធំមួយរវាងអ្វីដែលរុស្ស៊ីចង់បាន និងអ្វីដែលអ៊ុយក្រែនចង់បាន។
សូមជម្រាបថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន លោក Trump បានប្តេជ្ញាថានឹងបញ្ចប់ជម្លោះ ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែក្រោយពីចូលទៅកាន់សេតវិមាន លោក Trump បានពណ៌នាថាវាជា ការនិយាយបំផ្លើស។ ទន្ទឹមនោះ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោកបានជំរុញភាគីទាំងពីរឱ្យឈានដល់បទឈប់បាញ់ ហើយថ្មីៗនេះបានបង្ហាញពីការខកចិត្តចំពោះកង្វះវឌ្ឍនភាពសម្រាប់ការចរចា។
ទោះបីជារុស្ស៊ីបានសរសើរលោក Trump និងក្រុមរបស់គាត់សម្រាប់ការយល់ច្បាស់ពីជំហររបស់ខ្លួនជាងរដ្ឋបាល Biden ក៏ដោយ ទីក្រុងម៉ូស្គូបានទទូចថាបទឈប់បាញ់គ្រប់ជ្រុងជ្រោយត្រូវតែរួមបញ្ចូលការបញ្ចប់ការចល័តទ័ពអ៊ុយក្រែន និងការបញ្ឈប់ការផ្តល់អាវុធពីបរទេស។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើ បទឈប់បាញ់ថាមពល រយៈពេលមួយខែដែលដឹកនាំដោយ Trump ក្នុងខែមីនា ក៏ដូចជាបទឈប់បាញ់បុណ្យ Easter រយៈពេល 30 ម៉ោងកាលពីខែមុនផងដែរ។
ទីក្រុងមូស្គូក៏បានទាមទារឱ្យអ៊ុយក្រែនទម្លាក់ការទាមទាររបស់ខ្លួនចំពោះតំបន់គ្រីមេ និងតំបន់ចំនួនបួនផ្សេងទៀត ហើយបោះបង់ចោលមហិច្ឆតារបស់អង្គការណាតូ។ កាលពីថ្ងៃព្រហស្បតិ៍ បេសកជនពិសេសរបស់លោក Trump គឺលោក Keith Kellogg បាននិយាយថា ក្រុងកៀវបានយល់ព្រមទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើអ្វីដែលខ្លួនចាត់ទុកថាជា ទឹកដីដែលកាន់កាប់ ខណៈពេលដែលឈប់ទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរុស្ស៊ី។ ទោះជាយ៉ាងណា ទីក្រុងកៀវបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួននឹងមិនប្រគល់ដីណាមួយឲ្យរុស្ស៊ីឡើយ៕

ដោយ៖ ពេជ្រ