រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការបោះជំរំអន្តរជាតិ IYF លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ “ការអប់រំចិត្តយុវជនឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌” ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF និងឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកនៃប៊ែលធីគ្រុប ព្រមទាំងអ្នកចូលរួម សិស្ស និស្សិត ចំនួនជាង ២០០០នាក់។

កម្មវិធីបោះជំរំអន្តរជាតិ IYF ឆ្នាំ២០២៥ បានរៀបចំធ្វើចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១- ផ្តល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា បានយល់ដឹងបន្ថែមអំពីការអប់រំចិត្តឱ្យចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង ចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ និងសាសនាជាដើម
២- ឱ្យសិស្ស-និស្សិតកម្ពុជា ចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក (Share Experiences)
៣-ស្តាប់វាគ្មិនកិត្តិយសជាតិ-អន្តរជាតិសំខាន់ៗ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីយកទៅប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែម
៤- យុវជនកម្ពុជានឹងចេះហាត់ពត់ខ្លួនឯង ឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសមត្ថភាព សីលធម៌ និងគុណធម៌ នាពេលអនាគត (រៀនធ្វើជាអ្នកដឹកនាំ មុនពេលក្លាយខ្លួនជាអ្នកដឹកនាំ – Learn to be a leader before becoming a leader!)។

សូមជម្រាបជូនថា អង្គការយុវជនអន្តរជាតិ (IYF) បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅឆ្នាំ២០០៤ ដើម្បីអនុវត្តការងារបណ្តុះបណ្តាលអភិវឌ្ឍស្មារតី និងចិត្តគំនិតយុវជន តាមរយៈកម្មវិធីជាច្រើនមានដូចជា៖ កម្មវិធីស្មគ្រ័ចិត្តបម្រើការនៅក្រៅប្រទេស កម្មវិធីបង្រៀនភាសាបរទេស វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ កម្មវិធីសិក្ខាសាលាយុវជន កម្មវិធីបោះជំរំភាសាកូរ៉េ កម្មវិធីបោះជំរំភាសាអង់គ្លេស កម្មវិធីវប្បធម៌ពិភពលោក និងកម្មវិធីបោះជំរំអន្តរជាតិ។ តាំងពីបានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១០ និងភាពជាដៃគូជាមួយ ប៊ែលធីគ្រុប គឺអង្គការយុវជនអន្តរជាតិ បានរៀបចំកម្មវិធីបោះជំរំអន្តរជាតិ (IYF World Camp) បានចំនួន១២លើក នៅរាជធានីភ្នំពេញ តាមរយៈសកម្មភាពដ៏សម្បូរបែបជាច្រើនមានដូចជា ការពិភាក្សាក្រុម ការឡើងធ្វើបទបង្ហាញ ការបង្រៀនអំពីការអភិវឌ្ឍផ្នែកស្មារតី ការបង្រៀនអំពីការអប់រំផ្លូវចិត្ត សិក្ខាសាលាអភិវឌ្ឍជំនាញ ការសម្តែងតន្រ្តី ការបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ និងសកម្មភាពកីឡា ជាដើម។





