ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃអាទិត្យ ចំពោះការលើកលែងទោសកូនប្រុសលោក ឈ្មោះ Hunter Biden ដែលរងការកាត់ទោសពីបទធ្វើសេចក្តីថ្លែងការណ៍មិនពិតលើការត្រួតពិនិត្យប្រវត្តិនៃកាំភ្លើង និងកាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីការសារភាពថាមានទោសចំពោះការចោទប្រកាន់ពន្ធសហព័ន្ធ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមាន លោក Biden ថា ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាក្នុងការលើកលែងទោសឱ្យកូនប្រុសរបស់ខ្ញុំ Hunter ។ ចាប់ពីថ្ងៃដែលខ្ញុំឡើងកាន់តំណែងខ្ញុំនិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេហើយខ្ញុំនៅតែរក្សាពាក្យរបស់ខ្ញុំ ប៉ុន្តែខ្ញុំយល់ថាកូនប្រុសរបស់ខ្ញុំទទួលរងភាពអយុត្តិធម៌។
ទោះជាយ៉ាងណា សេតវិមាន ធ្លាប់លើកឡើងម្តងហើយម្តងទៀតថា លោក Biden នឹងមិនលើកលែងទោស ឬបន្ធូរបន្ថយការកាត់ទោសរបស់កូនប្រុសលោក ដែលជាអ្នកញៀនថ្នាំ ថែមទាំងក្លាយជាគោលដៅរបស់គណបក្សសាធារណរដ្ឋ រួមទាំងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ផងដែរ។
លោក Biden បានបន្ថែមថា ករណីរបស់ Hunter មិនមាននរណាម្នាក់ផ្ដល់ហេតុផលច្បាស់លាស់ទេ ក្រៅពីខ្លួនគេ។ លោក Hunter Biden ប្រឈមមុខនឹងការកាត់ទោសពីបទនិយាយមិនពិត និងការផ្តន្ទាទោសពាក់ព័ន្ធការប្រើកាំភ្លើង កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា លោក បានសារភាពទោសកំហុសចំពោះការចោទប្រកាន់របស់សហព័ន្ធថាមិនបង់ពន្ធចំនួន ១,៤ លានដុល្លារអាមេរិក ខណដែលចំណាយអស់ច្រើនលើគ្រឿងញៀន អ្នកបម្រើផ្លូវភេទ និងរបស់ប្រណីតៗ ។ លោក ត្រូវប្រឈមនឹងការកាត់ទោសក្នុងករណីនោះ នៅថ្ងៃទី ១៦ ខែធ្នូ ខាងមុខនេះ ៕
ដោយ៖ពេជ្រ