ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថា លោកបាននិយាយដោយផ្ទាល់តាមទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីពេលនៃការហៅទូរស័ព្ទនេះទេ ខណដែលមន្ត្រីនៅក្នុងប្រទេសចិនបានបញ្ជាក់ថា វាមិនមានរឿងនោះកើតឡើងទេ។

លោក Trump បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ ហើយវាត្រូវបានចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញ។
លោកបានអះអាងថា លោក Xi ជាអ្នកដែលបានហៅទូរស័ព្ទទៅលោកហើយនៅពេលដែលអ្នកសារព័ត៌មានសួរថា តើអ្នកទាំងពីរបានពិភាក្សាលើបញ្ហាអ្វីខ្លះ តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។ លោកបានបន្ថែមថា លោកមិនបានគិតថា ការហៅទូរស័ព្ទនេះជា «សញ្ញានៃភាពទន់ខ្សោយ» ក្នុងនាមលោក Xi នោះទេ។
លោក Trump ក្រោយមកត្រូវបានសួរដោយអ្នកសារព័ត៌មាននៅសេតវិមានថាតើការសន្ទនានេះបានកើតឡើងបន្ទាប់ពីការប្រកាសរបស់លោកអំពីវិធានការពន្ធគយកាលពីដើមខែនេះមឺនដែរឬទេ។ លោកបបាឆ្លើយតបថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់លើបញ្ហាជាច្រើន”។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបដិសេធថា ការហៅទូរស័ព្ទបែបនេះមិនបានកើតឡើងនោះទេ។ លោកបានលើកទ្បើងថា “ ចិននិងអាមេរិកមិនមានការពិភាក្សា ឬការចរចាលើពន្ធនោះទ្បើយ។ សហរដ្ឋអាមេរិកមិនគួរធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំបែបនេះឡើយ”។
លោក Xi ហាក់ដូចជាកំពុងរៀបចំវិធានការផ្ទាល់ខ្លួនរបស់គាត់ ដើម្បីឆ្លើយតបទៅនឹងពន្ធគយ។ គាត់បានធ្វើជាប្រធានកិច្ចប្រជុំនៃបក្សកុម្មុយនិស្តដែលបានគូសបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីបង្កើនផលិតកម្មកសិកម្ម។ លោកក៏បានសង្កត់ធ្ងន់លើការគាំទ្រចំពោះ ពហុភាគីនិយមរួមគ្នាជាមួយសហគមន៍អន្តរជាតិ និងការប្រឆាំងទៅនឹង សម្ពាធឯកតោភាគីផងដែរ៕

ដោយ៖ ពេជ្រ