គ្រូស្វាយរៀងថានឹងប្រយុទ្ធយកឈ្នះបឹងកេតនៅល្ងាចនេះ

ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង  ទៅសួរសុខទុក្ខ បឹងកេត នាថ្ងៃទី២៣ ខែមេសានេះនៅពហុកីឡដ្ឋានជាតិចាប់ពីវេលាម៉ោង ៧ យប់តទៅ ក្នុងការប្រកួតជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលនេះ។ 

ថ្លែងក្នុងសន្និសិទកាសែតមុនការប្រួតគ្រូបង្គោលស្វាយរៀងលោក Pep Muñoz នៅតែតាំងចិត្តអង់អាចធ្វើឱ្យបានល្អដើម្បីទទួលជ័យជម្នះលើបឹងកេត ។ លោកគូសបញ្ជាក់ដូច្នេះ ៖«យើងចង់ឱ្យមានការប្រកួតប្រជែងល្អ និងទទួលបានលទ្ធផលល្អ។ រកគ្រាប់បាល់បានច្រើន គឺជារឿងសំខាន់ ដូច្នេះ យើងនឹងព្យាយាមដូចអ្វីដែលយើងតែងតែធ្វើ គ្រប់គ្រងការប្រកួត ស្វែងរកចន្លោះ និងត្រៀមប្រយុទ្ធដើម្បីជ័យជម្នះ»។

ព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គ ៤ ក្រុមបន្ទាប់ពីយកឈ្នះ គិរីវង់សុខសែនជ័យ ៥-២ ក្នុងគ្រាប់បាល់សរុបទាំងពីរជើងនៅវគ្គ ១/៤ (ផ្តាច់ព្រ័ត្រ) ។

គ្រូបង្វឹក​រូបនេះបានបញ្ចេញទស្សនៈសម្រាប់ការប្រកួតថ្ងៃ​នេះថា ៖«ពិតណាស់ យើងគិតថា វានឹងក្លាយជាការប្រកួតខុសប្លែកមួយ ព្រោះពួកគេលេងនៅក្នុងដី ហើយពួកគេក៏ត្រូវការលទ្ធផលល្អ។ ដូច្នេះពួកគេប្រហែលលេងយ៉ាងអង់អាច និងកាន់តែសកម្ម។ ការលេងពាន សម្ដេចតេជោ គឺលេង២ជើង ជាហេតុធ្វើឱ្យពួកគេ មានចំណុចពិសេស និងភាពខុសគ្នា»។

បែបណាក្ដី លោក Pep សង្កត់ធ្ងន់ថា ៖«យើងក៏ចង់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ យើងជាក្រុមជើងឯកពានសម្ដេចតេជោ ហើយនេះជាការប្រកួតប្រជែងដ៏សំខាន់សម្រាប់ពួកយើង»។

គ្រូបង្វឹកវ័យ ៤៥ឆ្នាំបានបង្ហើបអំពីកីឡាកររបួស គឺមានតែ Pablo ម្នាក់។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ រងរបួសជាថ្មី ពេលឈ្នះ Madura United ៣-០ នៅជើងទី១ពាន AFC Challenge League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនខកខាននៅជើងទី២។ រូបគេមានបញ្ហាសាច់ដុំត្រូវសម្រាក ២ ទៅ ៣សប្ដាហ៍ទើបអាចជាសះស្បើយ។  លោកក៏ត្រូវរង់ចាំមើលដែរថា តើរូបគេអាចនឹងជាសះស្បើយទាន់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League  នៅថ្ងៃទី ១០ ឧសភា ឬ យ៉ាងណា។

ចំណែក អាតធឺ លូកាស និង Matheus Moresche មិនត្រូវបានចុះឈ្មោះលេងក្នុងពានសម្ដេចតេជោនោះទេ៕

Written by 

Related posts

Leave a Comment