អភិបាលខេត្តកណ្តាល៖ សម្រាប់សង្រ្កាន្តឆ្នាំថ្មី រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន

អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានលើកឡើងថា សម្រាប់សង្ក្រាន្តឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងនោះដែរមានការប្រគំតន្ត្រី ការលេងល្បែងប្រជាប្រិយជាច្រើន មានតំបន់ត្រជាក់ចិត្ត និងកម្មវិធីផ្សេងៗទៀត ដែលបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ នៅសាលាខេត្តកណ្ដាល។

លោកអភិបាលខេត្ត បានបន្តថា សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ដោយក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកំសាន្តសប្បាយជាច្រើន ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ លោតបាវ លាក់កន្សែង លោតអន្ទាក់ខ្សែ ដណ្តើមស្លឹកឈើ វាយក្អម គោះអង្រែ ការប្រគុំតន្ត្រីសម័យ ការបាញ់ទឹក តន្ត្រីស្គរដី តំបន់ត្រជាក់ចិត្ត និងមានទីតាំងលេងកម្សាន្តសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំផែនការការពារឱ្យបានច្បាស់លាស់ ដើម្បីរៀបចំនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ត្រៀមបង្ការក្នុងករណីមានបទល្មើសណាមួយកើតឡើង។ លោកថា ក្នុងករណីមានបទល្មើសណាមួយកើតឡើង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវស្វែងរកមកផ្ដន្ទាទោសតាមច្បាប់៕




Written by 

Related posts

Leave a Comment