​បទវិភាគ៖ពិភពលោកត្រូវការយុត្តិធម៌ មិនត្រូវការអនុត្តរភាពឡើយ

សំដៅចំពោះទង្វើអនុត្តរភាពរបស់ភាគីអាមេរិកដែលដំឡើង”ពន្ធគយស្មើគ្នា”ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ភាគីចិនបានចេញផ្សាយ《គោលជំហររបស់រដ្ឋាភិបាលចិនស្តីពីការប្រឆាំងនឹងការប្រើប្រាស់វិធានការពន្ធគយយ៉ាងអនាធិបតេយ្យរបស់សហរដ្ឋអាមេរិក》កាលពីថ្ងៃទី៥ខែមេសា ។ ឯកសារដែលមានអក្សរជាង១ពាន់បានលើកឡើងថា ភាគីអាមេរិកចាត់ទុកពន្ធគយជាអាវុធសម្រាប់ដាក់សម្ពាធកម្រិតខ្ពស់បំផុតនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាទង្វើប្រកបដោយឯកតោភាគីនិយម ការពារនិយមនិងអនុត្តរភាពខាងសេដ្ឋកិច្ចដ៏សុទ្ធសាធ ហើយគូសបញ្ជាក់ថា ចិនមិនចង់បង្ករឿងហេតុតែក៏មិនខ្លាចរឿងអ្វីដែរ អនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការបណ្តាក់ទុនកម្រិតខ្ពស់ ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ក៏ដូចជាសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

ឆ្លងតាមរយៈឯកសារច្បាប់នេះ អ្នកផងទាំងពួងបានឃើញយ៉ាងច្បាស់លាស់នូវអកប្បកិរិយារបស់ភាគីចិនដែលប្រឆាំងនឹងអនុត្តរភាព និងប្រកាន់ខ្ជាប់សមភាពនិងសច្ចភាព ។

ខណៈពេលបានត្អូញត្អែរថា ពិភពលោកទាំងមូលបានកេងចំណេញលើខ្លួនឯង ភាគីអាមេរិកបានមួលបង្កាច់ការពិតមួយដោយចេតនា ពោលគឺ សហរដ្ឋអាមេរិកទើបជាអ្នកទទួលបានផលប្រយោជន៍ដ៏ធំបំផុតពីប្រព័ន្ធពាណិជ្ជកម្មសេរីពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ សូមយកកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកជាឧទាហរណ៍ ចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៧៩មក សហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ។ តាមទិន្នន័យនៃនាយកដ្ឋានវិភាគសេដ្ឋកិច្ចរបស់អាមេរិកឱ្យដឹងថា នៅឆ្នាំ២០២៣ ការនាំចេញសេវាកម្មអាមេរិកចំពោះប្រទេសចិនមានតម្លៃ៤ម៉ឺន៦ពាន់៧២០លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មសេវាកម្មចំពោះចិនគឺ២ម៉ឺន៦ពាន់៥៧០លានដុល្លារអាមេរិក ។

យ៉ាងណាមិញ ភាគីអាមេរិកទទួលបានចំណេញហើយ តែនៅតែអះអាងថាខ្លួនខាតបង់យ៉ាងច្រើន ដែលតែងតែគំរាមកំហែងនិងឆបោកប្រទេសដទៃតាមរយៈពន្ធគយ ប៉ុនប៉ងព្យាយាមលះបង់ផលប្រយោជន៍ពិភពលោក ដើម្បីបម្រើអនុត្តរភាពអាមេរិក ។ “ទង្វើរបស់អាមេរិកគឺជាកំហុសចេញពីឭសគល់មួយ ដែលមានភាពលំអៀងនិងគ្មានមនោសញ្ចេតនា”“បំផ្លាញប្រព័ន្ធពាណិជ្ជកម្មសកល” “នឹងបង្កការវាយប្រហារដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទូទាំងពិភពលោក”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ សហភាពអឺរ៉ុប បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន អូស្ត្រាលី សិង្ហបុរី អាហ្វ្រិកខាងត្បូងនិងកាណាដាជាដើមបានរិះគន់យ៉ាងខ្លាំងក្លាចំពោះការដំឡើងពន្ធគយរបស់អាមេរិកជាបន្តបន្ទាប់ ។ ឯកសារជាគោលជំហររបស់ភាគីចិនបានបង្ហាញយ៉ាងច្បាស់លាស់ថា កិច្ចការលើផ្ទៃអន្តរជាតិគួរត្រូវបានដោះស្រាយដោយមនុស្សគ្រប់គ្នាតាមរយៈការពិគ្រោះពិភាក្សា ហើយអនាគតនិងជោគវាសនារបស់ពិភពលោកគួរត្រូវបានក្តាប់ជាប់រួមគ្នាដោយប្រទេសទាំងអស់”។នេះបានឆ្លុះបញ្ចាំងពីបំណងរួមនៃសហគមន៍អន្តរជាតិ និងបង្ហាញពីគោលជំហរដ៏ជាប់លាប់របស់ភាគីចិនដែលនិយាយសម្តីយុត្តិធម៌និងធ្វើរឿងយុត្តិធម៌ជាប់រហូតមក ។

ប្រវត្តិសាស្ត្របានវិវឌ្ឍទៅមុខជាលំដាប់ ។ តើអ្នកណាជាអ្នកបំផ្លាញក្បួនច្បាប់អន្តរជាតិ អ្នកណាជាអ្នកគាំពារក្បួនច្បាប់អន្តរជាតិ? តើអ្នកណាធ្វើរឿងអាក្រក់ អ្នកណាធ្វើរឿងសច្ចធម៌?តើអ្នកណាកំពុងដើរបញ្ច្រាសនឹងនិន្នាការប្រវត្តិសាស្ត្រ អ្នកណាឈរនៅប៉ែកត្រឹមត្រូវនៃប្រវតិ្តសាស្ត្រ?ចម្លើយគឺច្បាស់លាស់ណាស់ ។ ពិភពលោកត្រូវការយុត្តិធម៌ មិនត្រូវការអនុត្តរភាពឡើយ ។ នេះជាការបង្ហាញយ៉ាងច្បាស់លាស់របស់ចិន ហើយក៏ជាសំឡេងរួមរបស់សហគមន៍អន្តរជាតិផងដែរ ៕

Written by 

Related posts

Leave a Comment