ទ្រាំនឹងនយោបាយផ្តាច់ការរបស់រដ្ឋបាលលោក Trump លែងបានប្រជាជនអាមេរិករាប់ម៉ឺននាក់បានដើរតាមផ្លូវទូទាំងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រធានាធិបតីអាមេរិក Donald Trump និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺលោក Elon Musk ។ អ្នករៀបចំបានអះអាងថា ការដណ្តើមអំណាចរបស់លោក Trump បានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិយ៉ាងពេញបន្ទុកហើយ ហើយបើទុកឲ្យ Trump បន្តវានឹងមានគ្រោះហានិភ័យសម្រាប់អាមេរិក។

ការដើរដង្ហែរក្បួនបាតុកម្មនោះត្រូវបានគេដាក់ឈ្មោះថា “Hands Off! “ និងបានរៀបចំដោយក្រុមសកម្មជនផ្សេងៗគ្នាជាង ១៥០ ក្រុម ហើយបានធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបានលាតសន្ធឹងទូទាំង ៥០ រដ្ឋរបស់អាមេរិក និងនៅជាង១,២០០ ទីតាំង ជាមួយនឹងការប្រមូលផ្តុំមួយចំនួនផ្សេងទៀតដែលបានធ្វើឡើងលើសពីសហរដ្ឋអាមេរិក សំខាន់នៅអឺរ៉ុបផងដែរ ខណដែលប្រជាជនអាមេរិករស់នៅក្រៅប្រទេសក៏ចេញធ្វើបាតុកម្មដូចគ្នាផងដែរ។
ក្រុមបាតុករបានរិះគន់ចំពោះអ្វីដែលពួកគេបានពិពណ៌នាថាជា “ការដណ្តើមអំណាចខុសច្បាប់”និង “រដ្ឋប្រហារ”ដោយ Trump និង Musk ដែលជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលបានផ្តួចផ្តើមឱ្យមានការបញ្ឈប់ពីវិស័យរដ្ឋរាប់ពាន់ក្នុងគោលបំណងដើម្បីធ្វើឱ្យមានតុល្យភាពថវិកាសហព័ន្ធរបស់សហរដ្ឋអាមេរិក។
បាតុករបានលើកទ្បើងថា ចាប់តាំងពីការឡើងកាន់តំណែងរបស់គាត់ លោក Donald Trump បានចាប់ផ្តើមការដណ្តើមអំណាចដែលមិនធ្លាប់មានពីមុនមក ដោយរួមមានការជំរុញឱ្យឡើងថ្លៃមុខទំនិញ កាត់បន្ថយការផ្តល់មូលនិធិសម្រាប់កម្មវិធីសំខាន់ៗ និងបង្កើតអស្ថិរភាពនៅគ្រប់វេន.. របៀបវារៈពុករលួយរបស់គាត់កំពុងធ្វើឱ្យជីវិតរស់នៅកាន់ប្រចាំថ្ងៃកាន់តែលំបាកសម្រាប់ប្រជាជនអាមេរិក ខណៈពេលដែលក្រុម Trump ក៏កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់យើង។ យើងមិនអាចរង់ចាំបន្តទៀតទេ ត្រូវតែតស៊ូឡើងវិញ។
តាមការកត់សម្គាល់ ការទាមទាររបស់អ្នកតវ៉ារួមមាន ការបញ្ចប់ការកាន់កាប់អំណាចរបស់មហាសេដ្ឋី Elon Musk និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាល Trump និងការលុបចោលគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការផ្តល់មូលនិធិសហព័ន្ធសម្រាប់កម្មវិធីសង្គម។ ពួកគេក៏បានអំពាវនាវឱ្យ បញ្ចប់ការវាយប្រហារលើជនអន្តោប្រវេសន៍ ជនឆ្លងដែន និងសហគមន៍ផ្សេងទៀតជាបន្ទាន់។
យោងតាម CNN មានមនុស្សរហូតដល់ ៦០០,០០០ នាក់បានចុះឈ្មោះចូលរួមការតវ៉ានេះ ទោះបីជាចំនួនពិតប្រាកដនៃមនុស្សដែលបង្ហាញខ្លួននៅទូទាំងប្រទេសគឺមិនច្បាស់លាស់ក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា បាតុកម្មហាក់ដូចជាមានភាពស្ងប់ស្ងៀម ដោយមិនមានរបាយការណ៍ពីការចាប់ខ្លួនដោយសារតែហិង្សានោះទេ៕

ដោយ៖ ពេជ្រ