លោក Oleg Starynskiy គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងនៅក្នុងសន្និសីទកាសែតមុនប៉ះព្រះខ័នរាជស្វាយរៀងថា ៖ «នេះគឺជាការប្រកួតមួយ ដែលកៀកហើយនឹងអាចយើងដឹងលទ្ធផល ប៉ុន្តែលទ្ធផលថ្ងៃនេះ មិនអាចកំណត់ថា ក្រុមណាជាជើងឯកនៅឡើយទេ។
លោកបន្តថា វាមិនទាន់ប៉ះទង្គិចខ្លាំង ពីព្រោះនៅសល់ ៥ ប្រកួតទៀតសម្រាប់យើង ហើយនៅសល់ ១ ជុំទៀតផងដែរ សម្រាប់ក្រុមលំដាប់កំពូលទាំង ៦ ។ គ្រាន់តែយើងអាចដឹងច្បាស់បន្តិចថា ជុំវិញប្រវត្តិជួបគ្នា ឬគ្រាប់បាល់យ៉ាងម៉េចដែរសម្រាប់ថ្ងៃស្អែក។ យើងអាចដឹងបាន ប៉ុន្តែវាគឺមិនទាន់ចប់ព្រឹត្តិការណ៍ទាំងមូលនៅឡើយទេ។ យើងនៅតែបន្តធ្វើការងាររបស់យើង។ យើងត្រូវតែដឹងច្បាស់ក្នុងចិត្តថា វាគឺនៅសល់ ៥ ប្រកួតទៀតសម្រាប់ការប្រកួតលីគ»។
ជាការពិតណាស់ ក្រុមភ្នំពេញក្រោន និងបើកកីឡដ្ឋាន RSN ទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦៖០០នាទីល្ងាច ក្នុងសប្ដាហ៍ទី២៦នៃក្របខណ្ឌលីគកំពូលកម្ពុជា។ ការប្រកួតនេះអាចចាត់ទុកជាការប្រកួតមួយដ៏សំខាន់ ព្រោះការប្រកួតនេះ មិនត្រឹមជាការប្រកួតដណ្តើមយក ៣ ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្រកួត ដើម្បីដណ្តើមតំណែងកំពូលតារាងផងដែរ។
សូមជម្រាបថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង ដោយមាន ៦១ ពិន្ទុ លើសក្រុមលេខ ២ ភ្នំពេញក្រោន ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ៕
