លោក ឈាង រ៉ា ព្រមានពីហានិភ័យជំងឺមិនឆ្លង២០០ប្រភេទដោយសារគ្រឿងស្រវឹង

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ដែលរួមមាន ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាមជាដើម។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង។

លោក ឈាង រ៉ា បានថ្លែងឱ្យដឹងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង មិនមានកម្រិតសុវត្ថិភាពនោះទេ ខណការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ លោកបន្ថែមថា ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្ដាលឱ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្តជាដើម។ជាមួយនោះការប្រើប្រាស់គ្រឿងស្រវឹងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គគ្រួសារថែមទៀត។

លោកបញ្ជាក់ថា ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បងបួន រួមមាន របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

ផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩ យុវវ័យកម្ពុជាដែលប្រើប្រាស់គ្រឿងស្រវឹងជាមធ្យម ១៦,២លីត្រម្នាក់ក្នុងមួយឆ្នាំនូវសារធាតុអាកុលសុទ្ធ ដោយបុរសប្រើប្រាស់ ២១,៨លិត្រ និងស្ដ្រី ៨,១លិត្រក្នុងមួយឆ្នាំ៕

Written by 

Related posts

Leave a Comment