ប្រជាពលរដ្ឋស្នើលោកអភិបាលក្រុងដូនកែវម្តងទៀតរឿងប្តូរទីតាំងគំនរសម្រាម

តាកែវ ៖ ភ្នំពេញថ្មីបានផ្សាយ១លេខរួចមកហើយ ករណីដែលលោកអភិបាលក្រុងដូនកែវដែលមិនបានយកចិត្តទុកដាក់ពីការស្នើសុំផ្លាស់ប្តូទីតាំងគំនរសម្រាមនៅក្នុងក្រុងដូនកែវ ខណដែលគំនរសម្រាម និងការដុតសម្រាមបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋរាប់សិបឆ្នាំ ហើយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ សំខាន់លោកអភិបាលក្រុង។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការប៉ះពាល់សុខភាពបណ្តាលមកពីគំនរសម្រាមនិងការដុតសម្រាមនេះកើតមានយូរយាណាស់មកហើយហើយពលរដ្ឋក៏បានស្នើទៅអាជ្ញាធរក្រុងឲ្យមានការផ្លាស់ប្តូរទីតាំងដែរតែពុំមានការឆ្លើយតបជាវិជ្ជមានណាមួយពីអាជ្ញាធរក្រុងដូនកែវនោះទេ។ ផ្តើមពីនោះដោយសារតែប្រជាពលរដ្ឋចំនួន៣ភូមិ និងជិត៣០០គ្រួសារមិនអាចទ្រាំបន្តទៀតបានពីក្លិនស្អុយអសោជ បណ្តាលមកពីការដុតសម្រាម ទើបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានផ្តឹតមេដៃស្នើសុំឲ្យលោកចៅហ្វាយក្រុងដូនកែវជួយអន្តរាគមន៍ តែរហូតមកដល់ពេលនេះមានរយៈពេល២ឆ្នាំមកហើយនៅតែគ្មានចំណាត់ការសោះ។

ប្រជាពលរដ្ឋរស់នៅភូមិព្រេចសង្កាត់រកាក្រៅបាននិយាយរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១  មីនា  ឆ្នាំ២០២៥ នេះថាគំនរសម្រាមនេះយប់ឡើងត្រូវបានម្ចាស់ទីតាំងដុតធ្វើផ្សែងហុយវិលនិងធ្វើអោយជះក្លិនស្អុយដល់ប្រជាពលរដ្ឋយើងមាន ភូមិព្រេច ភូមិធ្នង់ក្នុងសង្កាត់រកាក្រៅនឹងភូមិស្មោក្នុងសង្កាត់រកាក្នុង។

ប្រជាពលរដ្ឋបានបន្តទៀតថាចំពោះផ្សែងដែលអ្នកស្រីលឹម សុខា ថៅកែក្រុមហ៊ុនសម្រាមបានដុតនោះ វាបានហុយទៅប៉ះពាល់ដល់បងប្អូនប្រជាលរដ្ឋរស់នៅកំពង់ទូកក្រោមភូមិស្នោនឹងប្រជាលរដ្ឋភូមិធ្នង់នឹងភូមិព្រេចក្នុងសង្កាត់រកាក្រៅក្រុងដូនកែវដោយក្លិនស្អុយខ្លាំងណាស់និងពិបាកទ្រាំ។      

ដូច្នេះហើយប្រជាពលរដ្ឋទាំង៣ភូមិសូមស្នើសុំយ៉ាងទទូចម្តងទៀតដល់លោកវ៉ី សំណាង អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយដល់ផលប៉ះពាល់ខាងលើនេះផង សំខាន់ស្នើសុំឲ្យមានការផ្លាស់ប្តូរទីតាំងចាក់សម្រាមតែម្តង ព្រោះថា ប្រជាពលរដ្ឋមិនអាចបន្តរស់នៅក្នុងបរិស្ថានមិនល្អបែបនេះបន្តទៀតទេ។ ប្រជាពលរដ្ឋសង្ឃឹមនិងជឿទុកចិត្តលើលោកអភិបាលខេត្តព្រោះលោកគឺជាថ្នាក់ដឹកនាំដែលបានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជាបន្តបន្ទាប់មកហើយ៕

Written by 

Related posts

Leave a Comment