រមណីយដ្ឋានបឹងកន្សែងបានប្រែមុខមាត់ថ្មីដើម្បីកែលម្អនិងទាក់ទាញភ្ញៀវទេសចរណ៍មកដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ខេត្តរតនគិរី៖ រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្តាលនៃបេះដូងខេត្តរតនគិរី ដោយបានបន្ថែមរូបសំណាកសត្វជាច្រើនទៀត ដើម្បីកែលម្អសោភ័ណភាពកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនា កម្សាន្ត នាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្រោមការផ្តួចផ្តើម កសាងបន្ថែមទៀតពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅបរិវេណមាត់បឹងកន្សែង បានរៀបចំដាក់រូបសំណាកគ្រួសារដំរី រូបសំណាកគ្រួសារសត្វអក រូបសំណាកគ្រួសារសត្វឈ្លូស រូបសំណាកសត្វគោព្រៃ រូបសំណាកគ្រួសារសត្វដំរីឈរលើវាលស្មៅ រូបសំណាក់គ្រួសារសត្វខ្ទីង សត្វទោម និងសត្វខ្លាឃ្មុំ ជាមួយទេសភាពវាលស្មៅខៀវស្រង៉ាត់ដ៏ស្រស់បំព្រង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយៗមិនបានស្គាល់សត្វទាំងនោះ។

ដើម្បីឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវមកកម្សាន្តក្នុងនាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា បឹងធម្មជាតិមួយនេះ បានប្រែមុខមាត់ថ្មីដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីដ្ឋានល្អ ឯកប្រកបដោយភាពទាក់ទាញ ដោយមានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ មានខ្សែរ៉តជិះលេងកម្សាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ គួរជាទីចាប់អារម្មណ៍ ក្នុងនោះក៏មានកន្លែងដើរហាត់ប្រាណ និងជិះទោងលេងផងដែរ។

ក្រៅពីរមណីដ្ឋានមាត់បឹងកន្សែងក៏មានរមណីដ្ឋានធម្មជាតិជាច្រើនកន្លែងទៀត ដូចជា៖ បឹងប្រវត្តិសាស្ត្រយក្ខឡោម, រមណីដ្ឋានអូរស៊ិនលែរ៍, ទឹកជ្រោះកាចាញ, ទឹកជ្រោះចាអ៊ុងជាដើម។ល។ក្នុងនាមរដ្ឋបាលខេត្ត លោក ញ៉ែម សំអឿន បានអំពាវនាវឲ្យភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឲ្យមកទស្សនាកម្សាន្តខេត្តនៃភូមភាគឦសានមួយនេះ ឲ្យបានច្រើនកុះករ៕

Written by 

Related posts

Leave a Comment