អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Wadah Dobish បាននិយាយថា សមាជិកជាង ១៥០ នាក់នៃចលនាឧទ្ទាម Ansar Allah (ហ៊ូធី) របស់យេម៉ែន រួមទាំងមន្ត្រី និងមន្ត្រីជាន់ខ្ពស់ ស្លាប់ និងរងរបួស នៅក្នុងការវាយឆ្មក់តាមអាកាសនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។

នៅលើបណ្តាញសង្គម X អ្នកនាំពាក្យរូបនេះ បានបង្ហាញបញ្ជីឈ្មោះអ្នកដែលស្លាប់ និងរងរបួស នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើតំបន់ជាច្រើននៃប្រទេសយេម៉ែន ។
ក្នុងនោះក៏រួមមានទាំងប្រធានអគ្គសេនាធិការនៃកងកម្លាំងហ៊ូធី លោក Muhammad Abd Al-Karim al-Ghamari និងលោក Abdul-Malik Badr al-Din al-Houthi ដែលជាប្អូនប្រុសរបស់មេដឹកនាំ លោក Ansar Allah ក៏ដូចជាមេបញ្ជាការតំបន់យោធាកណ្តាល ផងដែរ។
ក្រៅពីមេដឹកនាំកំពូលៗក្រុមហ៊ូធីខាងលើ លោក Dobish ក៏បានបញ្ជាក់ពីការស្លាប់របស់មន្ត្រីយោធា និងមេបញ្ជាការតំបន់ផ្សេងទៀតផងដែរ។
ទន្ទឹមនោះ លោក អះអាងថា អ្នកពាក់ព័ន្ធនឹងក្រុមហ៊ូធីផ្សេងទៀត ប្រហែល ១៥០-១៦០ នាក់ ក៏ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរដ្ឋធានី Sana’a ក៏ដូចជានៅលើខេត្តភាគខាងជើង Sa’dah, Al Jawf និង Al Hudaydah ផងដែរ។
យោងតាមអ្នកនាំពាក្យ តួលេខអ្នកស្លាប់អាចកើនឡើង ដោយសារតែព័ត៌មានពីតំបន់ដែលវាយប្រហារដោយយន្តហោះចម្បាំងរបស់អាមេរិកគឺមិនអាចពេញលេញ ហើយក៏ដោយសារតែអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយផ្អែកលើការបញ្ជារបស់លោកប្រធានាធិបតី Donald Trump ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា គោលដៅគឺដើម្បីការពារផលប្រយោជន៍អាមេរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍។
ជាការឆ្លើយតប ដែលចលនា Ansar Allah នេះ បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាផ្ទុកយន្តហោះអាមេរិក USS Harry S. Truman នៅភាគខាងជើងនៃសមុទ្រក្រហម ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក៕

ដោយ៖ ពេជ្រ