ម៉ាក្រុង ឲ្យរុស្ស៊ី បញ្ចេញបទឈប់បាញ់ដែលគ្មានលក្ខខណ្ឌមក ទើបមិនស្មុគស្មាញ

ប្រធានាធិបតី​អ៊ុយក្រែន និង​បារាំង ​បានថ្លែង​ថា ទណ្ឌកម្ម​លើ​រុស្ស៊ី​ចាំបាច់​ត្រូវ​នៅរក្សាទុក​ដដែល និងមិនលើកលែងនោះទ្បើយ។

ប្រធានាធិបតីទាំងពីរបានធ្វើការអត្ថាធិប្បាយបែបនេះបន្ទាប់ពីទីក្រុងមូស្គូបានឲ្យដឹងថា ទណ្ឌកម្មមួយចំនួនគួរតែត្រូវបានដកចេញ មុនពេលបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិកនៅក្នុងសមុទ្រខ្មៅអាចចាប់ផ្តើម។

លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងលោក អេម៉ានូអែល ម៉ាក្រុង បានធ្វើសន្និសីទសារព័ត៌មានមួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស ដែលជាកន្លែងដែលមេដឹកនាំចំនួន ៣០ នឹងប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន។

លោក ម៉ាក្រុង បានថ្លែងថា រុស្ស៊ីមិនគួរមានសិទ្ធិពិនិត្យឡើងវិញនូវការគាំទ្រដែលយើងនឹងផ្តល់ឱ្យអ៊ុយក្រែននោះទេ ហើយក៏មិនមានសិទ្ធិកំណត់លក្ខខណ្ឌសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពនេះដែរ។

លោក ហ្សេលេនស្គី បាននិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីគួរតែនៅរក្សាទុកដដែល និងពង្រឹងបន្ថែមទៀតដរាបណាការកាន់កាប់របស់រុស្ស៊ីនៅតែបន្តលើទឹកដីអ៊ុយក្រែន។ លោកថែមទាំងបានបង្ហាញនូវការរំពឹងទុកថា សហរដ្ឋអាមេរិកនឹងទទួលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។

សហភាព​អឺរ៉ុបក៏​បាន​បន្ទរនូវ​ទស្សនៈ​របស់លោក ហ្សេលេនស្គី ផងដែរខណអ្នកនាំពាក្យសហភាពអឺរ៉ុបបានបញ្ជាក់ដូចគ្នាថា រុស្ស៊ីត្រូវតែយល់ព្រមបញ្ចប់ការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន ហើយដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះដោយគ្មានលក្ខខណ្ឌ ដើម្បីទណ្ឌកម្មត្រូវបានដកចេញ ឬផ្លាស់ប្តូរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment