លោក ស៊ុន ចាន់ថុលបញ្ជាក់ថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដំណើរការជាធម្មតា មិនដូចសារព័ត៌មានបរទេសខ្លះចុះផ្សាយនោះទ្បើយ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានថ្លែងបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកប្រវត្តិសាស្ត្រនេះ នៅតែបន្តជាប្រក្រតី ដែលខុសពីការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដែលថាគម្រោងនេះជាប់គាំងដោយសារចិនមិនគាំទ្រផ្នែកថវិកា។ ការថ្លែងបែបនេះធ្វើទ្បើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា “ប្រព័ន្ធ cdcIPM”។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គណៈកម្មការរបស់លោកទើបតែបានជួបជាមួយភាគីក្រុមហ៊ុនចិនដែលជាអ្នកវិនិយោគ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលលើការសិក្សាដែលបានធ្វើឡើងនាពេលកន្លងមក ដែលភាគីចិនបានឯកភាព ១០០% ទៅលើលទ្ធផលនៃការសិក្សាលទ្ធភាពដែលបានធ្វើឡើងអស់រយៈពេល ២ឆ្នាំ។

សូមជម្រាបថា ការអត្ថាធិប្បាយរបស់លោកឧបនាយករដ្ឋមន្ត្រីអំពីការវិវត្តន៍នៃគម្រោងនេះធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានចុះផ្សាយកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ព្រែកជីកនេះជួបបញ្ហាដោយសារតែចិនខ្វះថវិកា។

 ប៉ុន្តែលោក ស៊ុន ចាន់ថុល ថ្លែងដូច្នេះថា “វាមានមនុស្ស៤ប្រភេទ គឺអ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិទាន។ អីចឹង អ្នកសរសេរកាសែតនោះ គាត់ជួបអ្នកថា អ្នកឈរមើល និងអ្នកទិទាន។ ដូច្នេះគាត់សរសេរតាមបែបហ្នឹងទៅ។ ម៉េចមិនសួរអ្នកធ្វើថា ដល់ណាហើយគម្រោងហ្នឹង”។

គួររំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃសាងសង់ប្រមាណ ១,៧ពាន់លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ដែលមកទល់ពេលនេះមានរយៈពេលជិត ៣ខែហើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រុមការងារបានប្រឹងប្រែងលើការងារពាក់ព័ន្ធ ហើយកម្ពុជាក៏ទទួលបានការឯកភាពពីគណៈកម្មការទន្លេមេគង្គដែលបានបញ្ជាក់ថា គម្រោងនេះមិនប៉ះពាល់បរិស្ថាននៅកម្ពុជានិងនៅវៀតណាមនោះទេ។ លោកបន្តថា  “តើបន្តទៀតយើងធ្វើអ្វី? ការងារបន្តទៀតគឺយើងជជែកគ្នាលើកិច្ចព្រមព្រៀងសម្បទាន ហើយបានកំណត់ថានឹងប្រឹងប្រែងធ្វើកិច្ចព្រមព្រៀងឲ្យបានឆាប់”។ លោក ក៏បានថ្លែងដែរថា ការងារសាងសង់ព្រែកជីកនេះមានភាពយឺតយ៉ាវខ្លះដោយសារតែរដូវទឹកឡើងធ្វើឲ្យពិបាកវាស់វែង។ លើសពីនេះ ទៀតរដ្ឋាភិបាលបានជួលក្រុមហ៊ុន ៤ ដើម្បីសិក្សាដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ។

លោកបន្តថា គម្រោងនេះនឹងចប់ជាស្ថាពរតាមការកំណត់ តាមការប្រកាសរបស់សម្ដេចបវរធិបតី  នៅក្នុងឱកាសបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី ៥ ខែសីហា។ ប៉ុន្តែមានអ្នកខ្លះមិនជួយចូកជួយចែវ ប៉ុន្តែ យកជើងរាទឹក ហើយនោមដាក់ទូកថែមទៀត៕

Written by 

Related posts

Leave a Comment