នៅពេលដែលទូរស័ព្ទដៃHuaweiបានទម្លុះការទប់ស្កាត់បន្ទះឈីប5G នៅពេលដែលយានអវកាសរុករកតាមព្រះច័ន្ទលេខChang’eបាននាំយកដីពីឋានព្រះចន្ទមកវិញ ហើយនៅពេលដែលនាវាមុជទឹកលេខFendouzheបានចុះចតដោយជោគជ័យនៅបាតសមុទ្រMariana Trench ដែលមានជម្រៅមួយម៉ឺនម៉ែត្រល។ល នៅពីក្រោយសមិទ្ធផលទាំងអស់នេះ មានពាក្យគន្លឹះទូទៅមួយគឺ ខ្លួនទីពឹងខ្លួន។ខណៈពេលដែលប្រព័ន្ធនាំផ្លូវដោយផ្កាយរណបBeidouផ្តល់សេវាកម្មដល់ប្រទេសជាងនិងតំបន់ជាង២០០លើពិភពលោក DeepSeekបន្ថយកម្រិតសម្រាប់ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍAIតាមរយៈកិច្ចសហការប្រភពបើកចំហ…នៅពីក្រោយវិធានការទាំងនេះក៏មានពាក្យគន្លឹះទូទៅគឺការចែករំលែកនិងបើកចំហ។យុទ្ធសាស្រ្តនៃការពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យារបស់ប្រទេសចិនគឺដូចជាក្បាលម៉ាស៊ីនយ៉ាងខ្លាំងដែលជំរុញដល់ការកសាងទំនើបកម្មរបស់ប្រទេសចិន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ពិភពលោក។
តាំងពីបុរាណកាលមក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបាននិងកំពុងជំរុញសង្គមមនុស្សជាតិឱ្យឆ្ពោះទៅមុខដោយកម្លាំងដែលមិនអាចបញ្ច្រាសបាន និងមិនអាចទប់ទល់បាន។មេដឹកនាំកំពូលរបស់ចិនលោកXi Jinpingធ្លាប់បាននិយាយថា “វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាអាវុធរបស់ប្រទេស ប្រទេសពឹងផ្អែកលើវាដើម្បីឱ្យខ្លាំងក្លា សហគ្រាសពឹងផ្អែកលើវាដើម្បីឈ្នះ ហើយជីវិតរបស់ប្រជាជនពឹងផ្អែកលើវាឱ្យកាន់តែប្រសើរឡើង”។បក្សកុម្មុយនីស្តចិនចាត់ទុកការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាស្នូលនៃការអភិវឌ្ឍជាតិទាំងមូល ហើយជឿជាក់ថា គន្លឹះនៃការធ្វើទំនើបកម្មតាមបែបផែនចិនគឺក្នុងទំនើបកម្មផ្នែកបច្ចេកវិទ្យា។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការក្លាយជាប្រទេសទំនើប ប្រទេសចិនបានរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងលោកខាងលិច។ក្រុមហ៊ុនHuaweiបានជួបប្រទះការលំបាកក្នុងការឈប់ផ្គត់ផ្គង់បន្ទះឈីប ហើយក្រុមបច្ចេកវិទ្យាអវកាសចិនត្រូវបានច្របាច់ចេញពីការសិក្សាស្រាវជ្រាវស្នូលនិងការអភិវឌ្ឍន៍ប្រព័ន្ធណែនាំផ្លូវGalileoដោយសហភាពអឺរ៉ុប ដែលបណ្តាលឱ្យមានការខាតបង់ថវិការាប់ពាន់លាននិងកាត់ផ្ដាច់ការសិក្សាស្រាវជ្រាវ…
មេរៀនដ៏ឈឺចាប់បានធ្វើឱ្យប្រទេសចិនដឹងថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវិតកាន់តែល្អប្រសើរត្រូវតែពឹងផ្អែកលើការច្នៃប្រឌិតថ្មីដោយឯករាជ្យ ដើម្បីជម្នះលើឧបសគ្គខាងបច្ចេកវិទ្យា។ដូច្នេះ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោកXi Jinpingបានលើកឡើងយុទ្ធសាស្រ្តខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យាតាមទស្សនៈនៃការរស់រានមានជីវិតរបស់ជាតិ ហើយបានចាត់ទុកវាថាជា “ការគាំទ្រជាមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍប្រទេស។
ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតប្រព័ន្ធខ្សែសង្វាក់ពេញលេញនៃ “ការសិក្សាស្រាវជ្រាវជាមូលដ្ឋាន-របកគំហើញបច្ចេកវិទ្យា-ការធ្វើបរិវត្តកម្ម” ដែលបានរុញចំណាត់ថ្នាក់របស់ប្រទេសចិននៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលពីលេខ ៣៤នៅឆ្នាំ ២០១២ ដល់ទី ១១នៅឆ្នាំ ២០២៤ ។
វិទ្យាសាស្ត្រគ្មានព្រំដែន ហើយការច្នៃប្រឌិតថ្មីគ្មានដែនកំណត់។នៅពេលដែលមនុស្សជាតិឈានចូលយុគសម័យឆ្លាតវៃ យើងមានហេតុផលជឿថា នៅក្នុងយុគសម័យថ្មី ប្រទេសចិននឹងបន្តជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាអន្តរជាតិដោយអាកប្បកិរិយាបើកចំហ ដែលធ្វើឱ្យក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺខ្លួនទីពឹងខ្លួនខាងបច្ចេកវិទ្យា បន្តជំរុញការកសាងតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏មុខជានឹងបន្តជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕

