ចលនាប៉ាឡេស្ទីនហាម៉ាស បានបញ្ជាក់ពីការស្លាប់របស់មន្ត្រីការិយាល័យនយោបាយជាន់ខ្ពស់ លោក Ismail Barhoum នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យមួយនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមទូរទស្សន៍ Al Jazeera រាយការណ៍ថា លោក Barhoum ដែលជាអ្នកទទួលខុសត្រូវលើទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស នៅហ្គាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis ។
ក្រុមហាម៉ាស ក៏បានបញ្ជាក់ពីការស្លាប់របស់លោក Ismail Barhoum នៅលើ Telegram ផងដែរ ដោយបន្ថែមថា គឺស្លាប់ អំឡុងពេលអ៊ីស្រាអែល វាយប្រហារលើមន្ទីរពេទ្យ Nasser ដែលលោក កំពុងទទួលការព្យាបាលតែម្ដង។
សេចក្តីថ្លែងការណ៍របស់ក្រុមនេះ បានបន្ថែមថា យើងថ្កោលទោសឧក្រិដ្ឋកម្មចុងក្រោយបង្អស់នេះ ដែលបន្ថែមលើកំណត់ត្រាយូរអង្វែងនៃអំពើភេរវកម្ម ការរំលោភលើភាពបរិសុទ្ធ ជីវិត និងបរិក្ខារពេទ្យ។ ដោយបញ្ជាក់ជាថ្មីនូវការមិនយកចិត្តទុកដាក់ចំពោះច្បាប់ និងអនុសញ្ញាអន្តរជាតិទាំងអស់ ហើយការបន្តគោលនយោបាយនៃការសម្លាប់ជាប្រព័ន្ធប្រឆាំងនឹងប្រជាជន ក៏ដូចជាភាពជាអ្នកដឹកនាំរបស់យើង ។
គួរបញ្ជាក់ថា លោក Barhoum បានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់អង់គ្លេសតាំងពីខែធ្នូ ឆ្នាំ ២០២៣ ហើយត្រូវទទួលរងនូវវិធានការរឹតត្បិតពី EU ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៤ ៕

ដោយ៖ ពេជ្រ