ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយ នៅសេតវិមានថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីធនធានអ៊ុយក្រែន នាពេលអនាគត ។

លោក ត្រាំ បានលើកឡើងថា រឿងមួយដែលយើងកំពុងធ្វើគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងពេលដ៏ខ្លី ទាក់ទងនឹងប្រភពធនធានរ៉ែកម្រជាមួយអ៊ុយក្រែន ដែលពួកវាមានតម្លៃយ៉ាងសម្បើមនៅក្នុងផែនដី ហើយយើងពេញចិត្តចំពោះសកម្មភាពនេះ ។
លោក មិនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខា នៅពេលណា ឬនៅទីណា ច្បាស់លាស់នោះទេ។
មេដឹកនាំអាមេរិករូបនេះ ក៏បានកត់សម្គាល់ថា លោក ចេញដីកាប្រតិបត្តិមួយទាក់ទងនឹងការទាញយកធនធានសំខាន់ៗដោយសហរដ្ឋអាមេរិក ។
លោក សង្កត់ធ្ងន់ថា ខ្ញុំក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើនការផលិតរ៉ែសំខាន់ៗ និងរ៉ែកម្រ។ វាជារឿងដ៏សំខាន់ធំមួយ សម្រាប់អាមេរិក ។ ហើយដូចដែលអ្នកបានដឹងហើយថា យើងក៏កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅកន្លែងផ្សេងៗ ដើម្បីទាញយករ៉ែកម្រ និងរ៉ែ រួមទាំងវត្ថុជាច្រើនទៀតនៅទូទាំងពិភពលោក ប៉ុន្តែអ្វីនៅពេលនេះ គឺអ៊ុយក្រែន ។
គួរបញ្ជាក់ថា កន្លងមក ក៏ធ្លាប់មានកិច្ចប្រជុំដែលនឹងចុះហត្ថលេខាលើធនធានរ៉ែអ៊ុយក្រែន ពីសំណាក់លោក ដូណាល់ ត្រាំ ផងដែរ ប៉ុន្តែត្រូវបានបរាជ័យ៕

ដោយ៖ ពេជ្រ