រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា កាលពីពេលកន្លងមកអ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឱ្យក្រុមហ៊ុន TikTok ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតផ្តល់ឱកាសក្នុងការរកចំណូលបានពីការបង្កើតមាតិកាផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាំងនោះ។ លោកបន្តថា ហើយនាពេលខាងមុខ ក្រសួងនឹងបន្តខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកានៅបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាអាចរកចំណូលបាន ។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok នៅព្រឹកទី១៩ មីនានេះ នៅទីស្តីការក្រសួងប្រៃសណីយ៍។លោកក៏បានលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាទាំងអស់ ប្រឹងបង្កើតមាតិកាឱ្យកាន់តែល្អ បម្រើដល់សង្គមជាតិ បរិស្ថាន មនុស្សជាតិ សេដ្ឋកិច្ច និងមានភាពទាក់ទាញដល់អ្នកស្តាប់ និងអ្នកទស្សនា ប៉ុន្តែកុំបង្កើតមាតិកាណាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងនេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន ហើយអាចនឹងមិនទទួលបានចំណូលផងដែរ ។

លោក ជា វ៉ាន់ដេត ក៏បានថ្លែងនូវការលើកទឹកចិត្ត ដល់ផងដែរសម្រាប់អ្នក បង្កើត មាតិការ នៅកម្ពុជាចូលរួម ប្រើប្រាស់ បណ្ដាញ សង្គម TikTok ដើម្បី ជា ប្រយោជន៍ ដល់អាជីពរបស់ខ្លួន ក៏ ដូច ជា យល់ដឹងឱ្យបានកាន់តែច្រើន អំពីកាចូលរួមការទាញ យកចំណូលបានកាន់តែច្រើននៅ កម្ពុជា។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការ ជាមួយ ក្រុមហ៊ុន Tik Tok រៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok ក្នុង គោលបំណង ចែករំលែក ព័ត៌មានឧត្តមានុវត្តន៍ នៃការការពាសុវត្តិភាពអនឡាញ គោលការណ៍ ណៃនាំ សហគមន៍ និង ការប្រើប្រាស់បណ្ដាញ សង្គម Tik Tok ប្រកបដោយសុវត្តិភាព ដល់ ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និង អ្នក ផលិត មាតិកានៅកម្ពុជា៕




