រដ្ឋបាលលោក Donald Trump កំពុងពិចារណាលើការចេញការរឹតបន្តឹងការធ្វើដំណើរសម្រាប់ពលរដ្ឋនៃប្រទេសរាប់សិបដែលជាផ្នែកនៃបម្រាមថ្មីមួយ។ នេះយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងអនុស្សរណៈផ្ទៃក្នុង ។

អនុស្សរណៈនេះ បានរាយបញ្ជីប្រទេសសរុបចំនួន ៤១ ចែកជា ៣ ក្រុមដាច់ដោយឡែកពីគ្នា។ ក្រុមដំបូងនៃប្រទេសចំនួន ១០ រួមមាន អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ស៊ីរី គុយបា និងកូរ៉េខាងជើង ក្នុងចំណោមប្រទេសផ្សេងទៀត នឹងត្រូវកំណត់សម្រាប់ការព្យួរទិដ្ឋាការពេញលេញ។
នៅក្នុងក្រុមទី ២ ប្រទេសចំនួន ៥ គឺ អេរីទ្រា ហៃទី ឡាវ មីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង នឹងប្រឈមមុខនឹងការផ្អាកមួយផ្នែកដែលនឹងប៉ះពាល់ដល់ទិដ្ឋាការទេសចរណ៍ និងនិស្សិត ក៏ដូចជាទិដ្ឋាការអន្តោប្រវេសន៍ផ្សេងទៀត ដោយមានករណីលើកលែងមួយចំនួន។
នៅក្នុងក្រុមទី ៣ ប្រទេសសរុបចំនួន ២៦ ដែលរួមមាន បេឡារុស ប៉ាគីស្ថាន និងតូមិននីស្ថាន ក្នុងចំណោមប្រទេសផ្សេងទៀត នឹងត្រូវបានពិចារណាសម្រាប់ការផ្អាកមួយផ្នែកនៃការចេញទិដ្ឋាការរបស់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេមិនខិតខំប្រឹងប្រែង ដើម្បីដោះស្រាយកង្វះខាតក្នុងរយៈពេល ៦០ ថ្ងៃ ។
មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានព្រមានថា អាចមានការផ្លាស់ប្តូរនៅក្នុងបញ្ជី ។
ទោះជាយ៉ាងណា វាមិនទាន់ត្រូវបានអនុម័តដោយរដ្ឋបាល រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅឡើយទេ ៕

ដោយ៖ ពេជ្រ