ក្រុមការងារអន្តរក្រសួងចុះពិនិត្យតំបន់ខ្នងភ្នំខ្នងផ្សារក្នុងជួរឧទ្យានជាតិភ្នំក្រវ៉ាញដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង

រដ្ឋមន្ត្រីក្រសួងបរិស្ថាន, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។ ដំណើរចុះពិនិត្យដោយផ្ទាល់នោះធ្វើទ្បើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយរួមមានលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមនឹងមន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។

ការចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង ស្របតាមការណែនាំ និងគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។ ក្រុមការងារពិសេសបានសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។

ការងារសំខាន់ដែលត្រូវអនុវត្តរួមមាន សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរដែលមកកម្សាន្តនៅទីនេះ។ សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ 

គម្រោងអភិវឌ្ឍន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សារ មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារ ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕

Written by 

Related posts

Leave a Comment