ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការគាំទ្រចំពោះបទឈប់បាញ់ដែលមានសក្តានុពលរយៈពេល ៣០ ថ្ងៃនៅក្នុងជម្លោះអ៊ុយក្រែន។ ប៉ុន្តែបានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងរបៀបដែលបទឈប់បាញ់នេះត្រូវបានអនុវត្ត។

ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានព្រមានអំពីចន្លោះប្រហោងដែលអាចកើតមាន និងគុណវិបត្តិជាយុទ្ធសាស្ត្រ។ លោកពូទីនបាននិយាយបែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយសមភាគីបេឡារុស្សលោក Alexander Lukashenko នៅទីក្រុងមូស្គូ។
លោកបានលើកទ្បើងថា យើងក៏ចង់បានការធានាថាក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៣០ ថ្ងៃនោះ អ៊ុយក្រែននឹងមិនធ្វើចលនាកងទ័ព នឹងមិនបណ្តុះបណ្តាលទាហាន ហើយនឹងមិនទទួលបានអាវុធពីខាងក្រៅនោះទេ។
លោកប្រធានាធិបតីបានចង្អុលបង្ហាញថា ទាហានរុស្ស៊ីកំពុងបន្តទៅមុខតាមជួរមុខជិត ២០០០ គីឡូម៉ែត្រ ហើយការបញ្ឈប់សកម្មភាពយោធាអាចរំខានដល់ប្រតិបត្តិការដែលកំពុងបន្ត។ លោកបានព្រមានថា កងកម្លាំងអ៊ុយក្រែនអាចប្រើរយៈពេលឈប់បាញ់មួយ ដើម្បីប្រមូលផ្តុំឡើងវិញ ទទួលអាវុធបន្ថែម និងបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មីៗ។
លោកបានលើកជាសំណួរថា តើ៣០ ថ្ងៃនេះ គេនឹងត្រូវប្រើយ៉ាងណា? ដើម្បីបន្តការចល័តដោយបង្ខំនៅអ៊ុយក្រែន? ដើម្បីទទួលបានគ្រឿងសព្វាវុធបន្ថែម? ដើម្បីបណ្តុះបណ្តាលអង្គភាពចល័តថ្មី? ឬរឿងនេះនឹងមិនកើតឡើងទេ?។ លោកបន្ថែមថា ការពង្រឹងបទឈប់បាញ់លើសមរភូមិដ៏ធំបែបនេះនឹងពិបាកណាស់។ លោកថា ការបំពានបទឈប់បាញ់អាចងាយនឹងវិវាទ ដែលនាំទៅដល់ការស្តីបន្ទោសរវាងភាគីទាំងពីរ។ ប្រព័ន្ធនៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីតាមដានបទឈប់បាញ់មិនមាននៅនឹងកន្លែងទេ ប៉ុន្តែគួរតែត្រូវបានយល់ព្រម។

លោក ពូទីន ក៏បានលើកឡើងផងដែរថា ទាហានអ៊ុយក្រែនដែលបានឈ្លានពានតំបន់ Kursk របស់រុស្ស៊ីក្នុងខែសីហា ឆ្នាំ ២០២៤ឥឡូវនេះត្រូវបានកាត់ផ្តាច់អស់ហើយ។ លោកក៏បានកត់សម្គាល់ថា អ្វីដែលត្រូវធ្វើជាមួយពួកគេក្នុងករណីមានបទឈប់បាញ់គឺមិនច្បាស់លាស់នោះទ្បើយ។ លោកថា តើយើងគួរតែអនុញ្ញាតឱ្យពួកគេចេញបន្ទាប់ពីពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងជនស៊ីវិលឬ? តើថ្នាក់ដឹកនាំអ៊ុយក្រែននឹងប្រាប់ពួកគេឲ្យដាក់អាវុធចុះចាញ់ឬ?។
គិតត្រឹមល្ងាចថ្ងៃពុធ កងកម្លាំងរបស់ទីក្រុងមូស្គូបានគ្រប់គ្រងមកវិញនូវ ៨៦% នៃទឹកដីដែលត្រូវបានកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែនក្នុងខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមប្រធានអគ្គសេនាធិការរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov ។ លោកបានអះអាងថា អង្គភាពដែលនៅសេសសល់របស់ក្រុងគៀវនៅក្នុងតំបន់នេះភាគច្រើនត្រូវបាន “ឡោមព័ទ្ធ” និង “ឯកោ”។
លោក ពូទីន បានស្នើថា ការពិភាក្សាជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាំបាច់ដើម្បីស្វែងរកដំណោះស្រាយដែលអាចសម្រេចបាន។ លោកបានសង្កត់ធ្ងន់ថា គំនិតនៃការបញ្ចប់ជម្លោះតាមមធ្យោបាយសន្តិវិធីគឺជាអ្វីដែលយើងគាំទ្រ៕

ដោយ៖ ពេជ្រ