Ronaldo ដែលជាកំពូលកីឡាករបាល់ទាត់ប្រេស៊ីល បាននិយាយថា លោកបានដកខ្លួនចេញពីការប្រកួតប្រជែងធ្វើជាប្រធានសហព័ន្ធបាល់ទាត់ប្រស៊ីល (CBF) កាលពីថ្ងៃពុធ បន្ទាប់ពី បេក្ខភាពឈរមានគ្រប់ចំនួន។
បុរសវ័យ ៤៨ឆ្នាំរូបនេះបានបរិយាយសេចក្តីថ្លែងការណ៍ដែលបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ឆ្លងតាមការទំនាក់ទំនងជាមួយ ២៧សហព័ន្ធក្នុងតំបន់តាំងពីដំបូង ខ្ញុំបានរកឃើញថា ទ្វារត្រូវបានបិទហើយ ត្រឹមបេក្ខភាពត្រឹមតែ ២៣នាក់ប៉ុណ្ណោះដែលត្រៀមឈរឈ្មោះ។ CBF បដិសេធក្នុងការទទួលពាក្យប្រកួតប្រជែងរបស់ខ្ញុំ ដោយមានលោក Rodrigues ជាប្រធានបច្ចុប្បន្ននេះ»។
លោក Ednaldo Rodrigues នឹងផុតអាណត្តិរបស់លោកនៅអំឡុងខែមីនា ឆ្នាំ២០២៦ មុនពេលរៀបចំបោះឆ្នោតជ្រើសរើសប្រធានថ្មី ក្នុងរយៈពេល ១២ខែបន្ទាប់។
Ronaldo ដែលបានរួមចំណែកជួយប្រេស៊ីល ឈ្នះជើងឯក World Cup ២លើកក្នុងឆ្នាំ១៩៩៤ និងឆ្នាំ២០០២ នោះ បានឈរនៅលេខរៀងទី២ ក្នុងនាមអ្នករកបានច្រើនគ្រាប់ក្នុងពានលំដាប់ពិភពលោកមួយនេះ តាមពី Miroslav Klose របស់អាល្លឹម៉ង់ ដែលរកបាន ១៥គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនត្រឹម ១៩លើកប៉ុណ្ណោះ។
ការលេងឱ្យសាំបា ១៧ឆ្នាំ រូបគេបានជួយជ្រោមជ្រែងប្រេស៊ីលឈ្នះជើងឯក Copa America បាន ២លើក និងមេដាយសំរឹទ្ធនៅអូឡាំពិកបាន ១លើកទៀតផង។
គិតចាប់តាំងពី Ronaldo បានចូលនិវត្តន៍ពីជម្រើសជាតិកាលឆ្នាំ២០១១ មក ក្រុមសាំបាមួយបានឈ្នះជើងឯក Copa បានតែ ១លើកគត់ និងហាលអាវពី World Cup 2022 ក្រោមថ្វីជើងក្រូអាត នៃវគ្គ ៨ក្រុមចុងក្រោយថែមទៀត៕
