ខេត្តព្រះសីហនុ៖ ក្នុងឱកាសថ្ងៃទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានរៀបចំដំណើរកំសាន្ត ជូនដល់ក្រុមអ្នកម្តាយ កុមារកំព្រា និងក្រុមបុគ្គលិក នៅបុរីទារក និងកុមារជាតិ ចំនួន១១៥រូប ដោយឧបត្ថម្ភទាំងស្រុង នូវមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារ ធ្វើដំណើរទៅកាន់កន្លែងកំសាន្តមួយចំនួន នៅក្នុងទឹកដីខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាត មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួល និងរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសមាជិក សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ។
បញ្ជាក់ផងដែរថា នេះជាលើកទី៩ គឺចាប់តាំងពីឆ្នាំ២០១៧មក ដែលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ តែងតែរៀបចំដំណើរកំសាន្ត និងការឧបត្ថម្ភផ្សេងៗ ជារៀងរាល់ឆ្នាំ ជូនដល់បុគ្គលិកបុរីទារក និងកុមារជាតិ ដើម្បីបង្កើនភាពស្និទ្ធស្នាល សេចក្តីស្រលាញ់ និងផ្តល់ស្នាមញញឹមជូនពួកគាត់។







