ក្រោមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោលការណ៍គាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំសិល្បករ សិល្បការិនី ចេញទៅសម្តែងរបាំព្រះរាជទ្រព្យ សាជាថ្មី នៅសាធារណរដ្ឋបារាំង ដោយការសម្តែងពិសេសនេះគ្រោងនឹងធ្វើឡើងចំនួន៣ទីតាំងផ្សេងៗគ្នា។
ជាក់ស្តែង នៅថ្ងៃទី០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly – Jacques Chirac ទីក្រុងប៉ារីស។ កម្មវិធីសម្តែងពីរផ្សេងទៀតគ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz។
កម្មវិធីសម្តែងរបាំព្រះរាជទ្រព្យនៅសាធារណរដ្ឋបារាំង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរឹតចំណងមិត្តភាព តាមរយៈវិស័យវប្បធម៌ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដ៏ល្អឯកគ្មានពីររបស់ខ្មែរ អមដោយសម្លៀកបំពាក់និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ របស់នាដការិនីខ្មែរ ព្រមទាំងជាការជំរុញការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យវប្បធម៌ ជាពិសេសរបាំបុរាណខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺលើសកលលោកផងដែរ៕


