ខេត្តរតនគិរី÷ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៥ <សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប>កម្មវិធីនេះបានធ្វើឡើងនៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានលើកឡើងថា ដែលក្រសួងកិច្ចការនារីបានលើកឡើងក្នុងឆ្នាំនេះ ស្របតាមការគិតគូររបស់អង្គការសហប្រជាជាតិ គឺចំពេលដែលយើងគ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ និងជំរុញឲ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរសដើម្បីក្លាយជាពលរដ្ឋ ឌីជីថល ធានាបាននូវមូលធនមនុស្សក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាទាំងមូល។
លោកស្នងការបានបញ្ជាក់ថា ជាការពិតសុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាម ពិតជាមានតម្លៃណាស់ ដែលបានជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធ្វើឲ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់ឱកាសល្អឲ្យបុរស,ស្ត្រី កូនប្រុស,ស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹងជំនាញបច្ចេកទេសនិងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចំរើនរុងរឿង។

ជាពិសេស កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម នៅគ្រប់តំបន់ ទាំងទីប្រជុំជននិងជនបទ ប្រជាពលរដ្ឋគ្រប់វិស័យបាននិងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា ពិសេស បច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងកែប្រែរបៀបនៃការសិក្សាស្វែងយល់ ការចាត់ចែងគ្រប់គ្រងការងារ ការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច ការប្រាស្រ័យទំនាក់ទំនង និងការបំពេញការងារប្រចាំថ្ងៃ។
លោកស្នងការបន្ថែមថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចរបស់ស្ត្រី ហ្នឹងក្មេងស្រីនៅគ្រប់វិស័យអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទីមួយ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌និងបរិយាបន្ន តែក្នុងនោះ<ស្ត្រីគឺជាស្នូល>។
រាជរដ្ឋាភិបាល និងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើតការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ។បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង យេនឌ័រលើស្ត្រី និងក្មេងស្រីលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕



