ចាប់ពីថ្ងៃទី ៤ ខែមីនាតទៅ ភាគីអាមេរិកបានប្រកាសដំឡើងពន្ធគយ ១០ ភាគរយម្តងទៀតចំពោះផលិតផលចិនដែលនាំចេញទៅសហរដ្ឋអាមេរិកក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ។ សំដៅចំពោះទង្វើអនុត្តរភាពរបស់អាមេរិកដែលល្មើសនឹងក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិនិងបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកបែបនេះ ភាគីចិនប្រឆាំងយ៉ាងដាច់ខាង ហើយមិនអត់ឱនជាដាច់ខាត ។ ត្រឹមតែមួយថ្ងៃ ពីការដាក់ពាក្យប្តឹងភាគីអាមេរិកអំពីវិធានការដំឡើងពន្ធថ្មីបំផុតទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកដល់ការដំឡើងពន្ធគយលើផលិតផលនាំចូលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិករហូតដល់ការដាក់បញ្ចូលសហគ្រាសអាមេរិកពាក់ព័ន្ធទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាននិងបញ្ជីឈ្មោះស្តីពីការរឹតបន្តឹងលើការនាំចេញ វិធានការតបតវិញរបស់ចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ដែលជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនទាំងស្រុង ។
មជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាប្រទេសផលិតនិងប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលច្រើនជាងគេនៅលើពិភពលោក ។ បើនិយាយពីឫសគល់ ការប្រើប្រាស់ថ្នាំប្រភេទហ្វេនតានីលយ៉ាងអនាធិបតេយ្យគឺជា”វិបត្តិក្នុងស្រុក”អាមេរិក ។ លោក Dan Steinbock ស្ថាបនិកនៃស្ថាប័នប្រឹក្សាយោបល់សកល Difference Group បានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា រដ្ឋាភិបាលអាមេរិកចូលចិត្តស្វែងរក”អ្នកទទួលកំហុសជំនួសគេ”នៅបរទេសលើបញ្ហាថ្នាំហ្វេនតានីល ប៉ុន្តែពួកគេមិនបានសម្គាល់ឃើញថា វិបត្តិគ្រឿងញៀនត្រូវបានជំរុញដោយតម្រូវការក្នុងស្រុកព្រមទាំងបង្កើតផលចំណេញយ៉ាងច្រើន ។
នៅថ្ងៃទី ៤ ខែមីនា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា«ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន»ដើម្បីអធិប្បាយប្រកបដោយកិត្យានុភាពអំពីការងារជាច្រើននិងបទពិសោធខាងការច្នៃប្រឌិតថ្មីរបស់ចិនក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលនិងបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិកក្នុងការឆ្លើយតបនឹងបញ្ហាថ្នាំហ្វេនតានីលដោយឈរលើស្មារតីមនុស្សធម៌ ។ យ៉ាងណាមិញ ភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណប៉ុណ្ណោះ ផ្ទុយទៅវិញបែរជាលាបព័ណ៌និងទម្លាក់កំហុសមកលើប្រទេសចិនថែមទៀតព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិនតាមរយៈការដំឡើងពន្ធគយដែលជាទង្វើយកទោសទៅសងគុណ ។
ក្នុងនាមជាវិធានការតបតវិញមួយ លើកនេះ ប្រទេសចិនបានប្រកាសដំឡើងពន្ធគយ ១០ ភាគរយនិង ១៥ ភាគរយលើកសិផលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ។ ប្រទេសចិនគឺជាទីផ្សារបរទេសដ៏ធំបំផុតនៃសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ការអនុវត្តវិធានការតបតវិញរបស់ចិនលើកនេះមុខជានឹងបង្កជាផលប៉ះពាល់ដល់ការនាំចេញកសិផលអាមេរិកទៅប្រទេសចិនជាក់ជាមិនខាន ។
ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ម្តងហើយម្តងទៀតថា ការដំឡើងពន្ធគយមិនមែនជាថ្នាំស័ក្តសិទិ្ធទេ ។ ធាតុពិតនៃសង្គ្រាមពន្ធគយគឺជា”ល្បែងបំផ្លាញផលប្រយោជន៍របស់ខ្លួនឯង” ការវាយតម្លៃរបស់កាសែត«The New York Times»នេះត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតក្នុងសង្គមអាមេរិក ។ បើសិនភាគីអាមេរិកពិតជាចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះក៏ត្រូវធ្វើការពិគ្រោះពិភាក្សាជាមួយភាគីចិនដើម្បីដោះស្រាយកង្វល់រៀងៗខ្លួន ដោយផ្អែកលើមូលដ្ឋានសមភាព ។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតបដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយូទ្ធ ចិននឹងកំដរដល់ទីបញ្ចប់ ៕

