​ក្រសួងការបរទេសចិន៖ បើសិនជាអាមេរិកទទូចធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមអ្វីផ្សេងទៀត នោះភាគីចិននឹងកំដរដល់ទីបញ្ចប់

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ១០ភាគរយបន្ថែមទៀតទៅលើផលិតផលភាគច្រើនរបស់ប្រទេសចិន ។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិនដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល  ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវនិងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។

លោក Lin Jian បានលើកឡើងថា ភាគីចិនបានផ្តល់ការគាំទ្រដល់ប្រទេសអាមេរិកក្នុងបញ្ហាថ្នាំហ្វេនតានីល ដោយឈរលើស្មារតីមនុស្សធម៌ ។ ប៉ុន្តែភាគីអាមេរិកមិនត្រឹមតែមិនដឹងគុណ ផ្ទុយទៅវិញបានលាបព័ណ៌និងទម្លាក់កំហុសមកប្រទេសចិនថែមទៀត ព្រមទាំងគាបសង្កត់និងបោកប្រាស់ភាគីចិនតាមរយៈការដំឡើងពន្ធគយ ដែលជាទង្វើយកទោសសងគុណ  ។

 លោក Lin Jian បានគូសបញ្ជាក់ថា ប្រជាជនចិនមិនចុះញ៉មនឹងអ្វីឡើយ ហើយក៏មិនដែលខ្លាចការប្រើអំណាចខ្លាំងនិងអនុវត្តរភាពនិយមដែរ ។ បើសិនអាមេរិកពិតជាចង់ដោះស្រាយបញ្ហាថ្នាំហ្វេនតានីល នោះត្រូវធ្វើការពិគ្រោះពិភាក្សាជាមួយភាគីចិនសម្រាប់ដោះស្រាយកង្វល់រៀងៗខ្លួន ផ្អែកលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ តែបើអាមេរិកមានចេតនាផ្សេងទៀត ហើយទទូចធ្វើសង្គ្រាមពន្ធគយ នោះភាគីចិនមានតែឆ្លើយតបដោយពាក្យសម្តីមួយម៉ាត់ថា បើចរចា ចិននឹងបើកទ្វារជានិច្ច  បើធ្វើសង្គ្រាម ចិននឹងកំដរដល់ទីបញ្ចប់ ៕

Written by 

Related posts

Leave a Comment