គ្រាប់ស្វាយចន្ទីឆ្នាំនេះ មានតម្លៃល្អគួរសម តែការហុចផលឲ្យមានការយឺតយ៉ាវជាងឆ្នាំមុន

ខេត្តរតនគិរី៖ គ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃគួរសម ប៉ុន្តែការហុចផលមានការយឺតយ៉ាវជាងឆ្នាំ២០២៤កន្លងទៅ ដោយសារមកពីធាតុអាកាសប្រែប្រួល។ នេះបេីតាមការលើកឡើងពីលោក មី សុភាព ម្ចាស់ចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិទុស៍ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

លោក មី សុភាព ម្ចាស់ចម្ការ អាយុ៥៩ឆ្នាំ ឲ្យដឹងទៀតថា លោកមានចម្ការស្វាយចន្ទីចំនួន៣ហិកតា ហើយឆ្នាំមុនបានចេញផ្ការក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយបានទទួលទិន្នផលនៅក្នុងខែកុម្ភ:នេះ ស្វាយចន្ទីលោកកំពុងរើសផ្លែបានតិចតួចណាស់ ដោយសារឥឡូវផ្កាវាក្រៀម។
 
ប៉ុន្តែនៅឆ្នាំ២០២៥នេះ ពាក់កណ្តាលខែកុម្ភៈដូចគ្នា ស្វាយចន្ទីដើមខ្លះទើបចេញផ្កា ហើយដើមខ្លះទៀតទើបចេញផ្លែ បើទោះបីជាគាត់មានការថែទាំ និងបាញ់ថ្នាំឲ្យចេញផ្កាចំនួន៥ដងយ៉ាងណាក៏ដោយ។

លោកបន្តថា គ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃល្អគួរសម បើមានគ្រាប់ស្វាយចន្ទីលក់ក្នុងពេលនេះកសិករយើងអាចលក់បានតម្លៃចាប់ពី៥.៨០០រៀល ដល់៦.០០០រៀល ក្នុង១គីឡូក្រាម អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។ប៉ុន្តែនៅឆ្នាំ២០២៤នោះ លោកបានរកចំណូលពីលក់គ្រាប់ស្វាយចន្ទីបានចំនួនពីពាន់ដុល្លារ(អាមេរិក)ប៉ុន្តែកាលនោះតម្លៃបានធ្លាក់ចុះក្នុង១គីឡូក្រាម ជាង៤.០០០រៀល។

កសិករម្នាក់ទៀតលោក នាង សុខុម អាយុ៥៧ឆ្នាំ ដែលមានដីចម្ការស្វាយចន្ទីប្រមាណ ៦ហិកតា ស្ថិតក្នុងភូមិ,សង្កាត់ខាងលើនេះដែរ បានលើកឡើងដែរថា ពេលចេញផ្កាចន្ទីនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ខែមករានិងខែកុម្ភ: ឆ្នាំ២០២៥នេះ ទើបចេញផ្កានិងក្តឹប ដោយយឺតយ៉ាវជាងឆ្នាំកន្លងទៅ ខណៈឆ្នាំ២០២៥នេះចេញផ្កាមកក្រៀមបានទិន្នផលតិចតួចខ្លាំងណាស់ មិនរួចថ្លៃកម្មកររើសនោះទេ។

លោក នាង សុខុម បន្តថា នេះដោយសារកត្តាធាតុអាកាស ខ្យល់ព្យុះភ្លៀងពីប្រទេសជិតខាងកន្លងទៅ ធ្វើឲ្យដំណាំស្វាយចន្ទីរបស់ប្រជាកសិករក្រៀមត្រួយនិងផ្កា ពុំមានហុចផលឲ្យបានល្អនោះឡើយ។
កាលពីឆ្នាំ២០២៤នោះ ក្នុងតម្លៃគ្រាប់ស្វាយចន្ទី១គីឡូក្រាម ៤.០០០រៀលទៅដល់៥.០០០រៀល បានទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៥តោន គិតជាទឹកប្រាក់ចំនួន២០លានរៀល ហើយលោកបានចំណាយទៅលើកម្មកររើសគ្រាប់ស្វាយចន្ទី ផាត់នៅសល់តែ៧លានរៀលដែរ។

លោកថានៅឆ្នាំ២០២៥នេះ តម្លៃគ្រាប់ស្វាយចន្ទីក្នុង១គីឡូក្រាម ៥.៧០០រៀល យកទៅលក់ដល់ទីតាំង ប៉ុន្តែក្នុងតម្លៃនោះវាមិនឋិតថេរនោះទេ នៅមានចុះជាបន្តទៀត។ 

អ្នកស្រី ផាន សុខជា ជាឈ្មួញកណ្តាលប្រមូលគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តរតនគិរី ក៏បានអះអាងដែរថា តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីឆ្នាំនេះល្អ ដែលធ្វើឲ្យកសិករពេញចិត្តជាខ្លាំង។ អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីរូបនេះ អះអាងថា ឆ្នាំ២០២៤ គាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងសហគមន៍ ជាធម្យម ៤.០០០រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ អាចឡើង-ចុះបន្តិច អាស្រ័យលើគុណភាព និងបរិមាណដែលកសិករប្រមូលបាន ហើយក្នុងខែនេះឆ្នាំទៅ អ្នកស្រីប្រមូលទិញបានក្នុង១ថ្ងៃ ៥ទៅ ៦តោន ឬក៏រហូតទៅដល់១០តោនក៏មានដែរ ទីតាំងពីរកន្លែង។

សម្រាប់ឆ្នាំ២០២៥នេះហាងឆេងគ្រាប់ស្វាយចន្ទីដល់មុនដំបូង គឺ ៥.៧០០រៀល ទៅ៦.២០០រៀល ក្នុងនោះគ្រាប់ស្វាយចន្ទីដាំនៅដីសរថ្លៃជាងគ្រាប់ស្វាយចន្ទីដែលដាំនៅដីក្រហម ដោយសារគ្រាប់ស្វាយចន្ទីដាំនៅដីក្រហម គឺមិនមានសាច់,គ្រាប់ស្វិត មកដល់ពាក់កណ្តាលខែកុម្ភៈទៅហើយ អ្នកស្រីមិនទាន់ទិញបាន១គីឡូនោះទេ ការប្រមូលទិញគ្រាប់ស្វាយចន្ទីនេះ លោកស្រីបានយកទៅលក់នៅឯខេត្តក្រោម។ក្នុងនោះដែរអ្នកស្រីបានបង្កើតមុខរបរទិញគ្រាប់ស្វាយចន្ទីនេះ រយៈពេល១៥ឆ្នាំមកហើយ កាលពីឆ្នាំមុនៗលោកស្រីសប្បាយនិងទិញគ្រាប់ស្វាយចន្ទីណាស់ ខណៈសម្បូរគ្រាប់ស្វាយចន្ទី ប៉ុន្តែឥឡូវឆ្នាំនេះមិនដូចសំបូរកាលពីឆ្នាំមុនទេ។

ទាក់ទិនបញ្ហាខាងលើនេះ លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត ផលិតភាព នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី ថា ផ្ទៃដីដាំដុះស្វាយចន្ទីក្នុងខេត្តមានចំនួន៩៨,៤៣៦ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន៩៧,២៥៨ហិកតា ដែលមានទិន្នផលបរិមាណសរុប១២៤,៤៩០.២៤តោន ក្នុងឆ្នាំ២០២៤។

ដោយឡែកក្នុងឆ្នាំ២០២៥ ផ្ទៃដីដាំដុះសរុប បានកើនឡើងដល់១០១,២០១ហិកតា ផ្ទៃដីប្រមូលផលចំនួន៩៨,៤៣៦ហិកតា៕

Written by 

Related posts

Leave a Comment