អភិបាលរងខេត្តលើកទឹកចិត្តនិយ័តករធានារ៉ាប់រងកម្ពុជា បើកសាខានៅខេត្តស្វាយរៀង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិត”នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបានបង្ហាញនូវការលើកទឹកចិត្ត និងស្នើដល់និយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យលទ្ធភាពនិងសម្របសម្រួលឲ្យមានការបើកសាខារបស់ក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនអន្តរការីធានារ៉ាប់រងនៅខេត្តស្វាយរៀងក្នុងន័យបង្កើតនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាកាត់បន្ថយហានិភ័យហិរញ្ញវត្ថុផងដែរ។

 លោកអភិបាលខេត្តបានលើកទ្បើងថា ក្នុងនាមអាជ្ញាធរខេត្តស្វាយរៀងសូមស្វាគមន៍ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជាដែលបានជ្រើសរើសយកខេត្តស្វាយរៀងជាទីតាំងសម្រាប់រៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិត។ លោកថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ជាពិសេសនៅក្នុងបរិការណ៍នៃការថមថយវិបត្តកូវិដ១៩ កន្លងទៅនេះក្នុងន័យរួមចំណែកដល់ការជំរុញនិងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គមកិច្ច។

លោក សុខ រស់ បានបន្តថា ស្របតាមនិន្នាការនៃទិសដៅអភិវឌ្ឍន៍ និងសក្តានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តស្វាយរៀង យើងសង្កេតឃើញថានេះជាពេលវេលាសមស្របមួយដែលប្រជាពលរដ្ឋនៃខេត្តស្វាយរៀងគួរងាកមកគិតពីការទទួលយកសេវាកម្មធានារ៉ាប់រង ជាពិសេសការធានារ៉ាប់រងអាយុជីវិត ដើម្បីទទួលបាននូវសុខសុវត្ថិភាពផ្លូវចិត្ត និងការការពារផ្នែកហិរញ្ញវត្ថុរបស់គ្រួសារនៅពេលមានហានិភ័យណាមួយកើតទ្បើង។

យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា មកដល់ពេលនេះ មិនទាន់មានគ្រឹះស្ថានធានារ៉ាប់រងឯកជនណាមួយបានមកបោះទីតាំង និងធ្វើអាជីវកម្មផ្តល់សេវាធានារ៉ាប់រងដោយផ្ទាល់នៅក្នុងទឹកដីខេត្តស្វាយរៀងនៅទ្បើយ។ ក្នុងបរិបទនេះហើយដែលលោកសូមលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យលទ្ធភាព និងសម្របសម្រួលធ្វើយ៉ាងណាឲ្យមានការបើកសាខានៅខេត្តស្វាយរៀងនាពេលខាងមុខ៕

Written by 

Related posts

Leave a Comment